អឺរ៉ុប៖ អ្នកការទូតមកពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានមកដល់ទីក្រុង Pristina ប្រទេសកូសូវ៉ូកាលពីថ្ងៃចន្ទទី៥ ខែមិថុនា ជាផ្នែកនៃកិច្ចប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសកូសូវ៉ូ និងស៊ែរប៊ី បន្ទាប់ពីភាពចលាចលកាលពីសប្តាហ៍កន្លងទៅនេះនៅក្នុងតំបន់ភាគខាងជើងរបស់ប្រទស។ បេសកជនពិសេសសហភាពអឺរ៉ុបទទួលបន្ទ្កកកិច្ចសន្ទនារវាងប្រទេសស៊ែរប៊ី និងកូសូវ៉ូលោក Miroslav Lajcak បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីជំនួបជាមួយនាយករដ្ឋមន្ត្រីកូសូវ៉ូ លោក Albin Kurti ថា យើងបានវិលត្រលប់មកកាន់ទីក្រុង Pristina វិញដើម្បីដោះស្រាយការគ្រប់គ្រងវិបត្តិជំនួសឲ្យការធ្វើប្រក្រតីភាពនៃទំនាក់ទំនង ហើយកិច្ចពិភាក្សាមានការលំបាករយៈពេលយូរ និងដោយស្មោះត្រង់។ កិច្ចពិភាក្សា រួមមានទាំងអ្នកការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកទទួលបន្ទុកតំបន់បាល់កង់ភាគខាងលិចលោក Gabriel Escobar ដែលបានបញ្ជាក់ពីការគោរពលិខិត្តគតិយុត្តិ និងការព្រមព្រៀងរវាងក្រុមជនជាតិភគតិច។

វិបត្តិផ្នែកនយោបាយដែលបានធ្លាក់ចូលទៅក្នុងអំពើហិង្សា នៅភាគខាងជើងប្រទេសកូសូវ៉ូ បានកើនឡើងខ្លាំង ចាប់តាំងពីអភិបាលក្រុងជនជាតិភាគតិចអាល់បានី បានចូលកាន់តំណែង នៅក្នុងតំបន់ដែលមានពលរដ្ឋស៊ែរប៊ីរស់នៅច្រើននៅក្នុងតំបន់នេះ ជាចំណាត់ការមួយបណ្តាលឲ្យសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តស្តីបន្ទោសទីក្រុង Pristina។ ការប៉ះទង្គិចគ្នា បានធ្វើឲ្យរងរបួសសមាជិកកងកម្លាំងរក្សាសន្តិភាពអង្គការ NATO ដែលគេស្គាល់ថា KFOR ព្រមទាំងក្រុមអ្នកតវ៉ាជនជាតិស៊ែរប៊ី៥២នាក់។ សម្ព័ន្ធមិត្តបាននិយាយកាលពីថ្ងៃចន្ទថា ការបន្ថែមកម្លាំងសម្រាប់កងកម្លាំងរក្សាសន្តិភាពNATO បានចាប់ផ្តើមមកដល់ប្រទេសកូសូវ៉ូ ។ សម្ព័ន្ធយោធាNATO បានសម្រេចដាក់ពង្រាយកងរក្សាសន្តិភាពបន្ថែម៧០០នាក់ទៅកាន់ប្រទេសកូសូវ៉ូ ដែលបន្ថែមកម្លាំងលើក្រុមដែលមានកម្លាំង៤ពាន់នាក់ ក្នុងការឆ្លើយតបទៅនឹងវិបត្តិហើយអគ្គលេខាធិការសម្ព័ន្ធយោធានេះ បាននិយាយកាលពីសប្តាហ៍មុនថា សម្ព័ន្ធយោធានេះ បានត្រៀមខ្លួនជាស្រេចដើម្បីបញ្ជូនកងកម្លាំងបន្ថែម។ នៅថ្ងៃអង្គារនេះលោក Lajcak និងលោក Escobar នឹងធ្វើដំណើរទៅកាន់ទីក្រុង Belgrade ដើម្បីជួបជាមួយប្រធានាធិបតីស៊ែរប៊ី លោក Aleksandar Vucic៕
