
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ពីមួយថ្ងៃទៅមួយថ្ងៃរាជរដ្ឋាភិបាល បានកំពុងដំណើរការប្រជាធិបតេយ្យ និងនីតិរដ្ឋ ប៉ុន្តែមានប្រជាធិបតេយ្យដែលគ្មានការគោរពច្បាប់ ក៏វានឹងក្លាយទៅជាអនាធិបតេយ្យផងដែរ ដូច្នេះរវាងប្រជាធិបតេយ្យ និងនីតិរដ្ឋត្រូវតែដើររួមគ្នា។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រដល់សិស្សវិស័យយុត្តិធម៌ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«យើងកំពុងតែដំណើរការលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ត្រូវចាំឲ្យច្បាស់អាពីរហ្នឹង…ប្រជាធិបតេយ្យដែលគ្មានការគោរពច្បាប់ គឺអនាធិបតេយ្យ។ បើគិតតែពីការអនុវត្តច្បាប់ ដោយមិនបើកសេរីភាពគឺវាផ្តាច់ការ ដូច្នេះវាត្រូវអមដំណើរជាមួយគ្នារវាងប្រជាធិបតេយ្យនីតិរដ្ឋ»។
សម្តេចតេជោ បានបន្ថែមទៀតថា«នៅលើពិភពលោកក៏គេធ្វើបែបហ្នឹងដែរ ត្រូវឲ្យមានការគោរព ច្បាប់ពិភពលោកគឺគោរពច្បាប់ បើមិនផ្អែកលើច្បាប់ ទៅផ្អែកលើកម្លាំងវានឹងវាយគ្នាពេញពិភពលោក ហើយ នៅក្នុងប្រទេសនីមួយៗបើមិនមានច្បាប់គ្រប់គ្រងទេ? អ្នកខ្លាំងនឹងទៅបំពានអ្នកខ្សោយវានឹងកើតមានឡើង ដូច្នេះត្រូវតែដើរជាមួយគ្នា ជាមួយនឹងការរក្សានូវសុខសន្តិភាពឲ្យខាងតែបានផងដែរ»។
សម្តេចតេជោ បានលើកឡើងទៀតថា រហូតមកដល់ប៉ុណ្ណេះគឺកម្ពុជាពិបាកណាស់ដូច្នេះត្រូវតែរក្សាសុខសន្តិភាពនេះឲ្យខាងតែបាន៕អត្ថបទ៖ បាន ចក់