អាមេរិក៖ ក្រុមហ៊ុនអត្រាប្ដូររូបិយបណ្ណគ្រីបតូ បាយនិន (Binance) និងអគ្គនាយករបស់ខ្លួន លោក Changpeng Zhao ត្រូវបានរងការប្ដឹងផ្ដល់ដោយក្រុមនិយតករសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទទី៥មិថុនា ពីបទប្រតិបត្តិការខុសច្បាប់នៃការបោកប្រាស់អតិថិជន និងការគេចវេះពីច្បាប់ ។

ការចោទប្រកាន់នានា បានដាក់សម្ពាធបន្ថែមទៀត លើក្រុមហ៊ុនអត្រាប្ដូរប្រាក់រូបិយបណ្ណគ្រីបតូ ធំបំផុតលើពិភពលោក និងបានធ្វើឲ្យអត្រាប្ដូររូបិយបណ្ណនិមិត្តប៊ីតខ័ញ (Bitcoin) ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងពេលជិត៣ខែ។
ទីភ្នាក់ងារសារព័ត៌មាននាននា បានរាយការណ៍ថា ក្រុមហ៊ុន Binance ត្រូវបានចោទប្រកាន់ពីបទអនុញ្ញាតឲ្យពលរដ្ឋអាមេរិកជួញដូរ ទោះបីជា platform នេះ មិនត្រូវបានចុះបញ្ជី នៅក្នុងប្រទេសនេះ ជាហាងឆេងអត្រាប្ដូរមូលបត្រក៏ដោយ។ ករណីនេះ ក៏បានចោទក្រុមហ៊ុន Binance បានប្រើប្រាស់ខុសមូលនិធិរបស់អតិថិជនផងដែរ។
បណ្ដឹងស៊ីវិល មួយដែលបានរៀបរាប់ការចោទប្រកាន់ចំនួន១៣ករណី ជាប់ពាក់ព័ន្ធទៅនឹង platforms និង អង្គភាពវិនិយោគផ្សេងទៀត ត្រូវបានគ្រប់គ្រងដោយស្ថាបនិកក្រុមហ៊ុននេះ គឺលោក Changpeng Zhao ដែលត្រូវបានប្ដឹងដោយគណៈកម្មការមូលបត្រនិងអត្រាប្ដូរប្រាក់ហៅកាត់ថា (SEC)។

ដើមបណ្ដឹង SEC កំពុងត្រូវបានតាមដានយ៉ាងដិតដល់បន្ទាប់ពីការចោទប្រកាន់កាលពីខែមីនាដោយនិយតករអាមេរិកមួយផ្សេងទៀតគឺ គណៈកម្មការទទួលបន្ទុកកិច្ចសន្យាទិញលក់ភាគហ៊ុន និងការអត្រាប្តូរមូលបត្រ។
មហាសេដ្ឋី Zhao គឺជាស្ថាបនិករបស់ក្រុមហ៊ុន Binance ហើយក៏ជាមហាសេដ្ឋីដែលល្បីល្បាញបំផុតនៃឧស្សាហកម្មគ្រីបតូផងដែរ។ លោកត្រូវបានគេមើលឃើញថាជាគូប្រជែងដ៏ធំបំផុតរបស់មហាសេដ្ឋីគ្រីបតូដែលទើបក្ស័យធនជនជាតិអាមេរិក លោក Sam Bankman-Fried ៕