
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការចាប់តាំងពីអាណត្តិទី៣ ដោយបានកសាងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ដូចជាសាលាដំបូង សាលាឧទ្ធរណ៍ជាដើម។ ប៉ុន្ដែបច្ចុប្បន្នប្រព័ន្ធយុត្តិធម៌ និងតុលាការ គឺត្រូវបន្តធ្វើកំណែទម្រង់បន្ថែមជាពិសេសលើផ្នែកធនធានមនុស្ស ដើម្បីអាចផ្ដល់សេវាយុត្តិធម៌គ្រប់គ្រាន់ និងល្អប្រសើរដល់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី សរុបជិត២ ពាន់នាក់ នៅអគារទីតាំងថ្មី ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦មិថុនាឆ្នាំ២០២៣នេះ។សម្តេចតេជោ រម្លឹកថា ក្រោយមកក្នុងអាណត្តិទី៣របស់រាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់ទៅលើវិស័យសំខាន់ៗមួយចំនួនដូចជា វិស័យរដ្ឋបាលសាធារណៈ ប្រព័ន្ធយុត្តិធម៌ និងតុលាការ និងកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុ។
សូមជម្រាបថា កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅតែជារបៀបវារៈសំខាន់របស់រាជរដ្ឋាភិបាល។ ក្រសួងយុត្តិធម៌ជាសេនាធិការបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំ និងគ្រប់គ្រងវិស័យយុត្តិធម៌កម្ពុជា ដោយរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់ក្នុងការកែលម្អប្រព័ន្ធយុត្តិធម៌ មិនចំពោះ ការផ្តល់សេវាកម្មយុត្តិធម៌តាមប្រព័ន្ធតុលាការ ឬការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឡើយ។ ក្រសួងយុត្តិធម៌ក៏បានផ្ដួចផ្ដើមគំនិតក្នុងការសិក្សាចងក្រង និងរៀបចំឱ្យមានឯកសារទស្សនាទាននានាដើម្បីក្លាយជាប្រទីបនាំផ្លូវទៅរកការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងក្របខ័ណ្ឌច្បាប់ និងយន្តការផ្ដល់សេវាយុត្តិធម៌ដល់ប្រជាពលដ្ឋផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា