រុស្ស៊ី៖ អាជ្ញាធរអាមេរិក បាននិយាយថា លោក Robert Hanssen អតីតភ្នាក់ងារការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) បានផ្លាស់ប្តូរព័ត៌មានចារកម្ម ដែលការិយាល័យបានចាត់ទុកថាគ្រោះថ្នាក់ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ត្រូវបានប្រទះឃើញស្លាប់នៅក្នុងបន្ទប់ពន្ធនាគាររបស់លោកកាលពីថ្ងៃចន្ទ ទី៥ ខែមិថុនា។ លោក Hanssen អាយុ៧៩ឆ្នាំ ត្រូវបានកាត់ទោសនៅក្នុងឆ្នាំ២០០២ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីបានសារភពទោសកំហុសចំពោះការធ្វើចារកម្មឲ្យសហភាពសូវៀត និងក្រោយមកឲ្យរុស្ស៊ី រយៈពេលជាង២០ឆ្នាំ។

ការិយាល័យពន្ធនាគារបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បុគ្គលិកពន្ធនាគារ បានបង្ហាញពីវិធានការសង្គ្រោះជីវិតបន្ទាប់ពីរកឃើញថាលោក Hanssen លែងមានប្រតិកម្មតប កាលពីព្រឹកថ្ងៃចន្ទ ប៉ុន្តែការសង្គ្រោះពុំបានជោគជ័យនោះទេ។ យោងតាមគេហទំព័ររបស់ FBI បានឲ្យដឹងថា លោក Hanssen បានចូលរួមជាមួយការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) ក្នុងឆ្នាំ១៩៧៦ និងបានចាប់ផ្តើមលក់ព័ត៌មានសំងាត់ទៅឲ្យសហភាពសូវៀតក្នុងឆ្នាំ១៩៨៥។ គេហទំព័ររបស់ FBI និយាយថា នៅពេលមានការចាប់ខ្លួនលោក ក្នុងឆ្នាំ២០០១ លោកត្រូវបានផ្តល់សំណងជាសាច់ប្រាក់សុទ្ធ ជាង១,៤លានដុល្លារ មូលនិធិធនាគារនិងគ្រាប់ពេជ្រ ក្នុងការដោះដូរសម្រាប់ការសម្របសម្រួលប្រភពមនុស្សដ៏ច្រើនដែលបានជ្រើសរើសក្នុងការប្រមូលព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិក និងបច្ចេកទេសចារកម្ម។

ក្រុមអ្នកស៊ើបអង្កេត FBI បានធ្វើការរយៈពេលជាច្រើនឆ្នាំដើម្បីព្យាយាមកំណត់អត្តសញ្ញាណចារកម្មនៅក្នុងឋានៈរបស់ពួកគេ។ FBI និយាយថា ក្នុងរយៈពេលច្រើនសប្តាហ៍ដែលនាំទៅរកការចាប់ខ្លួនលោកក្នុងខែកុម្ភៈឆ្នំ២០០១ បុគ្គលិកប្រមាណ៣០០នាក់ បានធ្វើការលើការស៊ើបអង្កេត និងតាមដានលោក Hanssen ។
លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងពន្ធនាគារសន្តិសុខខ្ពស់ក្នុងរដ្ឋ Colorado។ លោកត្រូវបានចោទប្រកាន់ថាបានលក់ព័ត៌មានសម្ងាត់ទៅឲ្យទីក្រុងមូស្គូ ដើម្បីទទួលបានមកវិញលុយជាង១លានដុល្លារអាមេរិក និងគ្រាប់ពេជ្រ៕