ភ្នំពេញ៖ វិស័យធានារ៉ាប់រងនៅកម្ពុជាបានរក្សានូវកំណើនជាវិជ្ជមានរបស់ខ្លួនយ៉ាងប្រសើរ ខណៈដែលបុព្វលាភដុលសរុបមាន ប្រមាណជាង ៩៣ លានដុល្លារអាមេរិក ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ កើនឡើង ៥,៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
ទិន្នន័យធានារ៉ាប់រងកម្ពុជាប្រចាំត្រីមាសទី១ ចេញផ្សាយកាលពីថ្ងៃទី២ ខែមិថុនា បង្ហាញថា បុព្វលាភធានារ៉ាប់រងទូទៅ មានចំនួនជាង ៤២លានដុល្លារ កើនឡើង ៦,៥ភាគរយ ធានារ៉ាប់រងអាយុជីវិត មានបុព្វលាភចំនួនជាង ៤៨លានដុល្លារ មានកំណើន៣,៨ភាគរយ និងបុព្វលាភធានារ៉ាប់រងខ្នាតតូចជាង ១,៨លានដុល្លារ កើនឡើង៤៥ភាគរយ។
ចំណែកទីផ្សារនៃធានារ៉ាប់រងអាយុជីវិត មាន៥២,២៦ភាគរយ ខណៈធានារ៉ាប់រងទូទៅ មាន៤៥,៧៨ភាគរយ និងធានារ៉ាប់រងខ្នាតតូច ១,៨ភាគរយ ។
បើតាមរបាយការណ៍ដដែល ទ្រព្យសកម្មសរុបនៃវិស័យធានារ៉ាប់រង គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣នេះ មានចំនួន១ពាន់លានដុល្លារ ។
ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា ធ្លាប់បានលើកឡើងថា វិស័យធានារ៉ាប់រងនៅព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ នៅក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។
បច្ចុប្បន្ន មានគ្រឹះស្ថានធានារ៉ាប់រងសរុប៩៤ ក្នុងនោះមានក្រុមហ៊ុនធានារ៉ាប់រងទូទៅ១៨ ធានារ៉ាប់រងអាយុជីវិត១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច៧ ក្រុមហ៊ុនធានារ៉ាប់រងបន្ត១ ក្រុមហ៊ុនជើងសាធានារ៉ាប់រង១៨ ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រង៣៤ និងក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រង២ កំពុងធ្វើប្រតិបត្តិការអាជីវកម្មធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា។
អត្ថបទ៖ វណ្ណៈ