នូវែលហ្សេឡង់៖ យោងតាមសេចក្តីព្រាងរបាយការណ៍ចេញផ្សាយនៅថ្ងៃអង្គារនេះ ប្រព័ន្ធបោះឆ្នោតរបស់ប្រទេសនូវែលហ្សេឡង់ត្រូវការការផ្លាស់ប្តូរសំខាន់ៗដូចជាបន្ថយអាយុបោះឆ្នោតមកនៅត្រឹមអាយុ ១៦ឆ្នាំ ដើម្បីធានាថាលទ្ធិប្រជាធិបតេយ្យអាចជ្រួតជ្រាបបានកាន់តែច្រើន។

របាយការណ៍នេះ គឺជាផ្នែកមួយនៃការត្រួតពិនិត្យឡើងវិញ ដោយឯករាជ្យ ត្រូវបានចាត់តាំងដោយរដ្ឋាភិបាលនូវែលហ្សេឡង់ កាលពីឆ្នាំ២០២១ ដើម្បីធានាថានីតិវិធីរបស់សភា នៅតែស័ក្តិសមសម្រាប់បម្រើផលប្រយោជន៍ជាតិ។
របាយការណ៍នេះ បានលើកឡើងពីការផ្ដាស់ប្ដូរដ៏យ៉ាងទូលំទូលាយ ដែលរួមទាំងការកែប្រែច្បាប់ហិរញ្ញវត្ថុ ការបន្ថែមអាណត្តិសភា និងការកាត់បន្ថយកម្រិតចំនួនបក្សនយោបាយក្នុងការចូលរួមនៅសភា។
លោក Deborah Hart ប្រធានគណៈកម្មាធិការត្រួតពិនិត្យការបោះឆ្នោតឡើងវិញ បាននិយាយថា ខណៈដែលផ្នែកជាច្រើននៃប្រព័ន្ធបោះឆ្នោតរបស់នូវែលហ្សេឡង់ ដំណើរការទៅយ៉ាងល្អ យើងគិតថា វាអាចឈានទៅរកចំណុចកាន់តែប្រសើរ។

តុលាការកំពូលរបស់ប្រទេសនូវេលហ្សេឡង់ បាននិយាយកាលពីឆ្នាំ២០២២ ថា អាយុមានសិទ្ធិបោះឆ្នោត គួរតែទម្លាក់ចុះ ពីអាយុ១៨ ឆ្នាំសម្រាប់ពេលបច្ចុប្បន្ន ប៉ុន្តែផែនការនានានឹងធ្វើឲ្យច្បាប់នេះ ត្រូវបានផ្អាកដោយសាររដ្ឋាភិបាលបច្ចុប្បន្ន ដែលពុំបានតម្រូវឲ្យមានការបោះឆ្នោតដើម្បីអនុម័តច្បាប់នេះ៕