អ៊ីរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសអ៊ីរ៉ង់នឹងបើកបេសកកម្មការទូតរបស់ខ្លួនឡើងវិញនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅសប្តាហ៍នេះ។
អ្នកនាំពាក្យលោក Nasser Kanaani បាននិយាយថា ស្ថានទូតក្នុងទីក្រុងរីយ៉ាតរបស់ប្រទេសអ៊ីរ៉ង់ អគ្គកុងស៊ុលរបស់យើងក្នុងទីក្រុង Jeddah និងការិយាល័យរបស់យើងប្រចាំអង្គការនៃកិច្ចសហប្រតិបត្តិការអ៊ីស្លាម នឹងត្រូវបានបើកឡើងវិញជាផ្លូវការនៅថ្ងៃអង្គារនិងថ្ងៃពុធស្អែកនេះ។

ប្រទេសអ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបន្តទំនាក់ទំនងការទូតកាលពីដើមខែមីនា បន្ទាប់ពីកិច្ចពិភាក្សានៅក្នុងទីក្រុងប៉េកាំង។
ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត បានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសអ៊ីរ៉ង់នៅក្នុងឆ្នាំ២០១៦ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារមកលើបេសកកម្មការទូតរបស់អារ៉ាប៊ីសាអ៊ូឌីតក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីព្រះរាជាណាចក្រមួយនេះ បានកាត់ទោសប្រហារជីវិតមេដឹកនាំសាសនានីកាយស៊ីអ៊ីតម្នាក់៕