ភ្នំពេញ៖ សាលាភូមិន្ទរដ្ឋបាល ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធី បរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត លើកទី៤ ដែលជាសកម្មភាពសង្គមគំរូមួយ ក្នុងការចូលរួមចំណែកជម្រុញការអនុវត្តចលនាជាតិ នៃការប្រមូលឈាម ពីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ មន្រី្តរាជការ មន្រី្តកិច្ចសន្យា សិស្ស មន្រី្តកម្មសិក្សាការីនិងសប្បុរសជនទាំងឡាយ ដោយស្ម័គ្រចិត្តនិងឥតគិតថ្លៃ ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីត្រៀមទុកសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ នៅពេលចាំបាច់។
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានលើកឡើងថា កម្មវិធីបរិច្ចាគឈាមនៅសាលាភូមិន្ទរដ្ឋបាលនេះ មិនមែនជាលើកទី១នោះទេ។ សាលាភូមិន្ទរដ្ឋបាលបានរៀបចំកម្មវិធីបែបនេះចំនួន៣លើករួចមកហើយ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ ដែលមានសប្បុរសជនស្ម័គ្រចិត្តចូលរួមសរុបចំនួន ៤៨៧នាក់ (ស្រ្តី ៨៨នាក់ ព្រះសង្ឃ៩អង្គ)។ គិតចាត់ពីខែកក្កដា ឆ្នាំ២០២២មក ឈាមដែលត្រូវបានស្នើសុំពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម តាមរយៈសាលាភូមិន្ទរដ្ឋបាល មានចំនួនសរុប ២៧ប្លោក ។ ចំពោះកម្មវិធីលើកទី៤ ក្នុងឆ្នាំ២០២៣នេះ សប្បុរសជនបានចូលរួមចុះឈ្មោះបរិច្ចាគឈាមក្នុងប្រព័ន្ធ បានកើនឡើងរហូតដល់ចំនួន ៣៤៨ អង្គ/នាក់ ស្ត្រី ៨៦នាក់ និងព្រះសង្ឃ ០៦អង្គ ដែលមានសមាសភាពជាថ្នាក់ដឹកនាំ គ្រូឧទ្ទេស មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា កម្មសិក្សាការី សិស្សមន្ត្រី និងសប្បុរសជន ដែលជាសមាជិក ស.ស.ជ.ក វិស័យមុខងារសាធារណៈ។ ចំនួនអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម បានកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងកម្មវិធីបរិច្ចាគឈាមលើកមុន។
ការកើនឡើងនេះ សបញ្ជាក់ថា ព្រះសង្ឃ ថ្នាក់នាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា សិស្សមន្ត្រី កម្មសិក្សាការី អតីតសិស្សមន្ត្រី អតីតកម្មសិក្សាការី និងសប្បុរសជនផ្សេងទៀត បានផ្តល់តម្លៃខ្ពស់ចំពោះសកម្មភាពមនុស្សធម៌មួយនេះ និងបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងកម្មវិធីបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺ ដែលត្រូវការឈាមបន្ទាន់ឱ្យរួចផុតពីសេចក្តីស្លាប់។
កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតមនុស្ស គឺជាសកម្មភាពសង្គមគំរូមួយដែលនឹងជួយជំរុញ និងពង្រឹង គុណភាពនៃការបណ្តុះបណ្តាលនៅក្នុងក្របខណ្ឌរបស់សាលាភូមិន្ទរដ្ឋបាល ឱ្យកាន់តែប្រសើរឡើង ស្របតាមបាវចនារបស់ខ្លួន ដើម្បី៖ “វិន័យ គុណធម៌ គុណភាព និងនវានុត្តន៍”។
ឯកឧត្តម សាស្រ្តាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា តម្រូវការឈាម ក្នុងឆ្នាំ២០២២កន្លងមក យើងត្រូវការ ឈាមមួយប្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់៦នាទីម្ដង។ តម្រូវការឈាមប្រចាំថ្ងៃ សរុបមាន ជាង២៥០ ប្លោកជាមធ្យមនៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណជាង១០ម៉ឺនប្លោក ដែលកើនលើសពីឆ្នាំមុនៗជិត២០% ហើយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៃក្រសួងសុខាភិបាល បានគ្របដណ្តប់ជាង៧០% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។
ចំណែកការទទួលឈាមតាមរយៈសប្បុរសជន ដោយមិនគិតកម្រៃ និងដោយស្ម័គ្រចិត្តឆ្លើយតបបានប្រហែលតែ១៥% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ក្នុងខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី ៩០% នៃតម្រូវការ នេះបើយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក៕អត្ថបទ រដ្ឋា







