នីហ៊្សេរីយ៉ា៖ ក្រុមនគរបាល និងក្រុមអ្នកស្រុក និយាយថា ក្រុមខ្មាន់កាំភ្លើងនៅតំបន់ភាគខាងជើងប្រទេសនីហ៊្សេរីយ៉ា បានសម្លាប់មនុស្សរាប់សិបនាក់ និងបានចាប់ជម្រិតក្មេងៗជាច្រើននាក់ផ្សេងទៀត អំឡុងការវាយប្រហារដាច់ដោយឡែកពីគ្នា ២លើក ដែលជាឧបទ្ទេវហេតុចុងក្រោយនៅក្នុងតំបន់ញាំញីដោយសារអំពើហិង្សាប្រដាប់អាវុធ ។

ក្រុមប្រដាប់អាវុធជិះទោចក្រយានយន្ត តែងតែឆក់ឱកាសពីចំនួនកងកម្លាំងតិចតួចនៅក្នុងតំបន់ ដើម្បីចាប់ជម្រិតអ្នកភូមិ អ្នកជិះទោចក្រយានយន្ត និងសិស្សសាលា ជាការដោះដូរនឹងប្រាក់លោះ ។
ក្រុមអ្នកស្រុក និយាយថា ក្រុមប្រដាប់អាវុធ បានវាយប្រហារលើភូមិ Janbako និងភូមិ Sakkida ស្ថិតក្នុងរដ្ឋភាគពាយ័ព្យ Zamfara កាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោច ២៤នាក់ ។
ក្រុមខ្មាន់កាំភ្លើង បានចាប់ជម្រិតក្មេងៗជាច្រើននាក់ ដែលដើររកអុសនៅក្នុងព្រៃស្ថិតក្នុងភូមិក្បែរគ្នា Gora ។
លោក Hussaini Ahmadu និងលោក Abubakar Maradun គឺជាប្រជាពលរដ្ឋរស់នៅក្នុងភូមិ Janbako និងភូមិ Sakkida និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រតាមទូរស័ព្ទថា កាលពីរយៈពេល ១សប្តាហ៍មុន ក្រុមប្រដាប់អាវុធ បានទាមទារឲ្យអ្នកភូមិបង់ថ្លៃសេវា ដើម្បីឲ្យពួកគេអាចធ្វើកសិកម្មលើដីចម្ការរបស់ពួកគេបាន ប៉ុន្តែក្រុមអ្នកភូមិ ពុំព្រមធ្វើតាមនោះឡើយ ។

លោក Yazid Abubakar គឺជាអ្នកនាំពាក្យរដ្ឋZamfara បានបញ្ជាក់ពីការវាយប្រហារនេះ ប៉ុន្តែលោកនិយាយថា មានតែមនុស្ស ១៣នាក់ប៉ុណ្ណោះ ត្រូវបានរាយការណ៍ថាបានស្លាប់ និងក្មេងប្រុស-ស្រី ៩នាក់ត្រូវបានគេចាប់ជម្រិត ។
ដោយឡែក នៅរដ្ឋភាគកណ្តាល Benue ក្រុមខ្មាន់កាំភ្លើង បានសម្លាប់មនុស្ស ២៥នាក់ និងបានដុតកម្ទេចចោលលំនៅឋានរបស់ប្រជាពលរដ្ឋ អំឡុងការវាយប្រហារកាលពីថ្ងៃសៅរ៍នៅតំបន់សហគមន៍ Imande Mbakange ។ មូលហេតុនៃការវាយប្រហារ ពុំត្រូវបានគេដឹងនោះទេ ៕