ភ្នំពេញ៖ ក្រុមហ៊ុនលក់តាមប្រព័ន្ធអនឡាញប្រទេសចិន Alibaba នឹងបើកថ្នាក់បណ្តុះបណ្តាលតាមប្រព័ន្ធអេឡិចត្រូនិចជួយសហគ្រិន និងម្ចាស់អាជីវកម្មប្រព័ន្ធអេឡិចត្រូនិចខ្មែរ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់អាជីវកម្ម និងសេដ្ឋកិច្ចក្នុងតំបន់ឱ្យមានភាពវិជ្ជមានប្រសើរឡើង។
ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៥ ខែមិថុនា ក្រសួងពាណិជ្ជកម្ម លើកឡើងថា ក្រុមហ៊ុនលក់តាមប្រព័ន្ធអនឡាញប្រទេសចិន Alibaba នឹងបើកថ្នាក់បណ្តុះបណ្តាលតាមប្រព័ន្ធអេឡិចត្រូនិច មួយឈ្មោះថា Alibaba Netpreneur Masterclass នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba ។
ក្រសួងបន្តថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងផ្ដល់ដល់សហគ្រិន និងម្ចាស់អាជីវកម្មប្រព័ន្ធអេឡិចត្រូនិចទាំងអស់ នូវបទពិសោធន៍ និងជំនាញថ្មីៗក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីលើកកម្ពស់អាជីវកម្ម និង សេដ្ឋកិច្ចក្នុងតំបន់ឱ្យមានភាពវិជ្ជមានប្រសើរឡើង។
តាមរយៈថ្នាក់បណ្តុះបណ្តាលនេះ សហគ្រិន និងម្ចាស់អាជីវកម្មនឹងយល់ដឹងកាន់តែស៊ីជម្រៅអំពីសេដ្ឋកិច្ចឌីជីថល ស្វែងយល់ពីជំហានផ្សេងៗដើម្បីជម្រុញអាជីវកម្មអោយមានភាពយូរអង្វែងក្នុងសម័យឌីជីថល ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាក្រោយថ្នាក់បណ្ដុះបណ្ដាលចប់ ទទួលបានឱកាសចូលរួមថ្នាក់បណ្តុះបណ្តាលផ្ទាល់នៅទីស្នាក់ការកណ្តាលក្រុមហ៊ុនAlibaba ប្រទេសចិន សម្រាប់បុគ្គលឆ្នើម។
ចំពោះកាលបរិច្ឆេទចូលរៀន នឹងចាប់ផ្តើមពី ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣ ដល់ ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣ ដែលមានរយៈពេលពី ៦ ទៅ ៨ ម៉ោងក្នុងមួយសប្តាហ៍ ហើយតម្រូវអោយរៀនជាភាសាអង់គ្លេស។
វគ្គបណ្តុះបណ្តាល ធ្វើឡើងស្របតាមកិច្ចសហប្រតិបត្តិការពីការបង្កើតក្រុមការងារចំពោះកិច្ចសិក្សាពីលទ្ធភាព និងសម្របសម្រួលការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអនឡាញបរទេសតាមរយៈថ្នាលបច្ចេកវិទ្យាក្រុមហ៊ុន Alibaba៕ អត្ថបទ៖ វណ្ណៈ