កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និយាយនៅថ្ងៃអង្គារនេះថា កូរ៉េខាងជើងកំពុងពង្រឹងសមត្ថភាពមីស៊ីល និងនុយក្លេអ៊ែររបស់ពួកគេ ហើយនិងធ្វើឲ្យស្របច្បាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ខណៈពេលដែលភាពតានតឹងឡើងកម្តៅខ្លាំង ក្រោយការព្យាយាមបាញ់បង្ហោះផ្កាយរណបចារកម្មពុំបានជោគជ័យលើកដំបូងរបស់ទីក្រុងព្យុងយ៉ាង ។

អំឡុងអនុសាសន៍របស់លោកនៅក្នុងពិធីរំឭកទិវាអនុស្សាវរីយនៅទីក្រុងសេអ៊ូល លោក Yoon និយាយថា បច្ចុប្បន្នសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ត្រូវបានដំឡើងដល់សម្ព័ន្ធភាពដោយផ្អែកលើនុយក្លេអ៊ែរ ។ រដ្ឋាភិបាល និងយោធារបស់ពួកយើង នឹងបង្កើតស្ថានការណ៍សន្តិសុខពាសដែកផ្អែកលើសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ខ្លាំងក្លាជាងមុនពុំធ្លាប់ដែលមាន និងការពារជីវិត និងសុវត្ថិភាពប្រជាជនរបស់ពួកយើង ។
កាលពីខែមេសាកន្លងទៅ លោក Yoon និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានព្រមព្រៀងគ្នានៅក្នុងសេចក្តីប្រកាស "Washington Declaration" ដើម្បីបង្កើតក្រុមប្រឹក្សានុយក្លេអ៊ែរ ធ្វើឲ្យកូរ៉េខាងត្បូងយល់ដឹងកាន់តែច្បាស់ជាងមុនលើការរៀបផែនការយថាហេតុរបស់សហរដ្ឋអាមេរិក ក្នុងការរារាំង និងឆ្លើយតបចំពោះឧបទ្ទេវហេតុនុយក្លេអ៊ែរណាមួយនៅក្នុងតំបន់ ។

សូមបញ្ជាក់ថា កូរ៉េខាងជើង បានព្យាយាមបាញ់បង្ហោះផ្កាយរណបចារកម្មលើកដំបូងរបស់ខ្លួនទៅកាន់ទីអវកាសកាលពីថ្ងៃទី ៣១ ខែឧសភាកន្លងទៅ បើទោះបីជាវាបញ្ចប់ទៅទាំងបរាជ័យក៏ដោយ ។ ពួកគេបានសន្យាថានឹងបាញ់ផ្កាយរណបមួយគ្រឿងទៀត ក្នុងពេលដ៏ខ្លីខាងមុខនេះ ៕