មេដឹកនាំក្នុងតំបន់របស់អង្គការនគរបាលអន្តរជាតិ ឬ អាំងទែប៉ូល បាននិយាយកាលពីថ្ងៃចន្ទ (៥ មិថុនា)ថា ឃាតកដែលត្រូវបានកាត់ទោសដាក់ពន្ធនាគារនៅក្នុងប្រទេសប៉េរូ នឹងត្រូវធ្វើបត្យាប័នបញ្ជូនខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ទៅកាន់សហរដ្ឋអាមេរិក ជាទីដែលគេត្រូវកាត់ទោសពីបទជំរិតទារប្រាក់ និងការចោទប្រកាន់ពីការក្លែងបន្លំទាក់ទងនឹងការបាត់ខ្លួន ព្រមទាំងឃាតកម្មលើក្មេងជំទង់អាឡាបាម៉ាជិត២ ទសវត្សរ៍កន្លងទៅ។

ការធ្វើបត្យាប័ននេះគឺជាការកែប្រែចុងក្រោយបំផុតក្នុងរយៈពេលជិត ២០ ឆ្នាំនៃអាថ៌កំបាំងជុំវិញជោគវាសនារបស់យុវតី Natalee Holloway វ័យ ១៨ ឆ្នាំមកពីជាយក្រុង Birmingham ដែលបានបាត់ខ្លួនក្នុងអំឡុងពេលដំណើរកម្សាន្តបញ្ចប់ការសិក្សានៅវិទ្យាល័យទៅកាន់កោះ Aruba
សមុទ្រការ៉ាអ៊ីព កាលពីខែឧសភា ឆ្នាំ ២០០៥ ។
លោក Van Der Sloot ជាជនជាតិហូឡង់មកពីតំបន់ ARUBA ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការបាត់ខ្លួនរបស់យុវតី Holloway ប៉ុន្តែមិនដែលត្រូវបានចោទប្រកាន់ពីបទចាប់ពង្រត់នាងទេ។ សាកសពរបស់ក្មេងជំទង់ដែលបាត់ខ្លួននេះ មិនត្រូវបានគេរកឃើញទេ ប៉ុន្តែចៅក្រមរដ្ឋអាឡាបាម៉ា បានប្រកាសជាផ្លូវការថានាងបានស្លាប់ កាលពីខែមករា ឆ្នាំ ២០១២។
ទីស្តីការគណៈរដ្ឋមន្ត្រីរបស់ប្រទេសប៉េរូបានចេញក្រឹត្យមួយកាលពីខែមុនដែលអនុញ្ញាតឱ្យធ្វើបត្យាប័នបណ្តោះអាសន្នរបស់លោក Van Der Sloot ។សេចក្តីថ្លែងការណ៍មួយពីក្រុមអាជ្ញាធររបស់ប្រទេសប៉េរូបាននិយាយនៅពេលការធ្វើបត្យាប័នត្រូវបានបញ្ជាក់ថា ជនដៃដល់រូបនេះនឹងប្រឈមមុខពីបទជំរិតទារប្រាក់ និងការចោទប្រកាន់ពីការក្លែងបន្លំជាបន្តបន្ទាប់ "ដែលជាផ្នែកនៃគ្រោងការណ៍ក្នុងការដឹកនាំគ្រួសាររបស់នាង Holloway ទៅស្វែងរកសាកសពកូនស្រីរបស់ពួកគេ" ៕
