ការផ្ទុះជាច្រើនលើកត្រូវបានគេមើលឃើញនៅក្នុងរដ្ឋធានីគីវ ប្រទេសអ៊ុយក្រែន នៅព្រឹកថ្ងៃអង្គារ (៦ មិថុនា)នេះ នៅពេលដែលប្រទេសរុស្ស៊ី បានបើកការវាយប្រហារតាមផ្លូវអាកាសថ្មីពេញមួយយប់ទៅលើរដ្ឋធានីនេះ ដោយក្រុមមន្ត្រីនៅរដ្ឋធានីរបស់អ៊ុយក្រែន បាននិយាយថា ប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់មីស៊ីលតម្រង់គោលដៅជាង ២០ គ្រាប់។

សាក្សីរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថាពួកគេបានឮសូរផ្ទុះជាច្រើនដែលស្តាប់ទៅហាក់ ដូចជាប្រព័ន្ធការពារដែនអាកាស ខណៈពេលដែលទីក្រុងនេះ ស្ថិតនៅក្រោមការប្រកាសអាសន្នអំពីការវាយលុកតាមអាកាសអស់រយៈពេលជាង ៤ ម៉ោង ចាប់ផ្តើមភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃអង្គារ។
ប្រធានរដ្ឋបាលយោធានៃរដ្ឋធានីគីវ លោក Serhiy Popko បាននិយាយនៅលើបណ្ដាញសង្គមកម្មវិធីផ្ញើសារតេឡេក្រាមថា ការវាយប្រហាររបស់រុស្ស៊ី ត្រូវបានវាយបកទៅវិញ ហើយមិនមានការវាយប្រហារលើទីក្រុងអ៊ុយក្រែននោះទេ។
ទីភ្នាក់ងារយោធា បាននិយាយថា កម្ទឹចកម្ទីមីស៊ីលបានធ្លាក់ទៅលើផ្លូវ និងបានបំផ្លាញខ្សែបណ្តាញអគ្គិសនីប្រព័ន្ធរថភ្លើងខ្សែកាបនៅក្នុងតំបន់ Desnianskyi នៃរដ្ឋធានីគីវ។ ក្នុងតំបន់ដែលនៅច្រាំងខាងឆ្វេងនៃទន្លេ Dnipro គឺជាតំបន់ដែលមានប្រជាជនច្រើនជាងគេរបស់រដ្ឋធានីគីវ។ ក្រុមមន្រ្តីនិយាយថា យោងតាមព័ត៌មានបឋមមិនមានអ្នករងរបួសនោះទេ៕
