សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំដើម្បីឆ្លងសេចក្តីព្រាវិធានការទូទៅ ស្តីពីការកសាងចលនារបស់ប្រជាការពារ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលបានចាត់ទុកប្រជាការពារគឺជាចលករមួយ ដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅតាមមូលដ្ឋានជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះសម្តេចក្រឡាហោម ស ខេង បានលើកឡើងថា តាំងពីឆ្នាំ១៩៩៩ រហូតដល់ពេលនេះ កម្លាំងប្រជាការពារកាន់តែចូលរួមបានយ៉ាងសកម្មក្នុងការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋានជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ហើយនៅឆ្នាំ២០១៣ កម្លាំងប្រជាការពារក៏បានចូលរួមចំណែកប្រយុទ្ធប្រឆាំង នឹងចលនាបដិវត្តន៍ពណ៌ ហើយនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ ក៏បានរួមចំណែកការពារសន្តិសុខបោះឆ្នោត បានយ៉ាងល្អប្រសើរផងដែរ។
សម្តេច បានលើកឡើងទៀតថា រហូតមកដល់ពេលនេះ ទោះបីយន្តការពាក់ព័ន្ធនឹងការគ្រប់គ្រង និងពង្រឹងកម្លាំងប្រជាការពារនៅមិនទាន់មានភាពជាក់លាក់ ប៉ុន្តែឆ្លងកាត់បទពិសោធន៍អនុវត្ត កម្លាំងប្រជាការពារបានទទួលការគាំទ្រពីប្រជាពលរដ្ឋ និងទទួលបានការជួយជ្រោមជ្រែង ពីរដ្ឋបាលមូលដ្ឋាន រួមទាំងភាគីពាក់ព័ន្ធផងដែរ។
យោងតាមសេចក្ដីព្រាង ចលនាប្រជាការពារ ជាវិធានការក្នុងការកៀរគរកម្លាំងប្រជាពលរដ្ឋទាំងមូលចូលរួមពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅ ទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុវត្ថិភាព ផាសុកភាព និងសុខដុមរមនា។ចលនាប្រជាការពារ គឺជាចលនានៃការចូលរួមដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានដើម្បីរួមចំណែកការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសការពារអាយុជីវិត ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្រុមគ្រួសារខ្លួន និងសហគមន៍ ភូមិ ឃុំ សង្កាត់ ក្រោមការដឹកនាំ និងសម្របសម្រួលរបស់អាជ្ញាធរមាន សមត្ថកិច្ចនៅមូលដ្ឋានក្នុងដែនសមត្ថកិច្ច។
សេចក្ដីព្រាងក៏បានបញ្ជាក់ផងដែរថា ចលនាប្រជាការពារពុំមែនជាអង្គការចាត់តាំងរបស់កម្លាំងប្រដាប់អាវុធ ឬអង្គការចាត់តាំងណា មួយដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ និងមិនមានការកំណត់ក្របខ័ណ្ឌ ឬឯកសណ្ឋានជាក់លាក់ជាកងកម្លាំង ឯកភាពនោះទេ។ ការចងក្រងកម្លាំងប្រជាការពារ គឺអាស្រ័យទៅតាមឆន្ទៈរបស់អ្នកចូលរួម និងផ្អែកតាមស្ថាន ភាពជាក់ស្ដែងនៃលក្ខណៈភូមិសាស្ត្រ និងប្រជាសាស្ត្រ ហើយប្រជាការពារគឺជាប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិកអង្គការ សមាគមនានាគ្រប់ស្រទាប់ជាន់ថ្នាក់ ដែលស្ម័គ្រចិត្តចូលរួមធ្វើសកម្មភាព ក្នុងចលនាប្រជាការពារនៅមូលដ្ឋាន។
សូមបញ្ជាក់ថា ប្រជាការពារមិនទទួលបានប្រាក់បៀវត្សដូចក្របខណ្ឌមន្ត្រីរាជការស៊ីវិល ឬកងកម្លាំងប្រដាប់អាវុធ នោះទេ។
ការទ្រទ្រង់សកម្មភាពចលនាប្រជាការពារអាស្រ័យដោយការឧបត្ថម្ភទាំងស្មារតី សម្ភារៈ ថវិកា របស់អាជ្ញាធរមូលដ្ឋានក្នុងដែនសមត្ថកិច្ច វិស័យឯកជន ប្រជាពលរដ្ឋ សប្បុរសជន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។ នេះបើតាមសេចក្ដីព្រាងដែលក៏បានកំណត់អំពី ការកសាង និងចាត់តាំងកម្លាំងប្រជាការពារ និងការៀបចំយន្តការដឹកនាំ គ្រប់គ្រងចលនាប្រជាការពារ ៕អត្ថបទ៖ បាន ចក់








