អ៊ីស្រាអែល៖ អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លា ទៅលើតំបន់ហ្គាហ្សាកាលពីថ្ងៃចន្ទ ជាការឆ្លើយតបចំពោះការវាយប្រហារដោយគ្រាប់រ៉ូកែត ដោយក្រុមហាម៉ាស់ និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនដទៃទៀត ស្របពេលមានអំពើហិង្សាកាន់តែរីកធំ ដែលបង្កឡើងដោយការរំជើបរំជួលនៅបរិវេណវិហារអ៊ីស្លាម Al-Aqsa ដែលត្រូវបានគេស្គាល់ថា ជាវិហារភ្នំផងដែរ។

ក្រុមអាជ្ញាធរតំបន់ហ្គាហ្សាបាននិយាយថា មនុស្សយ៉ាងហោចណាស់ ២០នាក់បានស្លាប់រួមទាំងក្មេង ៩នាក់ និងមេបញ្ជាការជាន់ខ្ពស់របស់ក្រុមហាម៉ាស់ និង ៦៥នាក់ផ្សេងទៀតរងរបួស។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានថា ក្រុមហាម៉ាស់បានឆ្លង "បន្ទាត់ក្រហម" ដោយការតម្រង់មីស៊ីលទៅរកទីក្រុង Jerusalem ហើយរដ្ឋជ្វីហ្វមួយនេះនឹងឆ្លើយតបវិញដោយកម្លាំង។ លោក Netanyahu ដែលបានជួបប្រជុំជាមួយប្រមុខកងទ័ព និងភ្នាក់ងារសន្តិសុខ Shin Bet បាននិយាយថា "យើងនឹងមិនអត់ធ្មត់ចំពោះការវាយប្រហារលើទឹកដីរបស់យើង រដ្ឋធានីរបស់យើង ប្រជាជន និងទាហានរបស់យើងឡើយ។ អ្នកដែលវាយប្រហារយើង នឹងត្រូវតែទូទាត់សងយើងវិញយ៉ាងស័ក្ដិសម។
កងទ័ពអ៊ីស្រាអែលបាននិយាយថា រ៉ូកែតចំនួន ១៥០គ្រាប់ត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សា ដែលរាប់សិបគ្រាប់ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស Iron Dome ដោយពុំមានរបាយការណ៍ពីការស្លាប់ និងរបួសនោះទេ៕
អត្ថបទ៖ សុខមាន