
ភ្នំពេញ៖ ឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលភារៈកិច្ចជួយលើផ្នែកវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែទម្រង់អភិបាលកិច្ច នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ បានទទួលជួបជាមួយនឹងប្រតិភូសហគ្រាសចិន ដែលមានសមាសភាពអ្នកគ្រប់គ្រង និងសមាជិកតំណាងដោយ លោក ដាយ យូមីង (Da Youming) នៃក្រុមហ៊ុន ផោវរឆាយណាអ៊ីនធ័រណេស្សិនណល គ្រុប (Power China Intemational Group) ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងប៉េកាំងនៃសាធាររដ្ឋប្រជាមានិតចិន។
ឯកឧត្ដម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានពាំនាំនូវការស្វាគមនយ៉ាងកក់ក្ត និងការថ្លែងអំណរគុណ ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ជូនចំពោះគណៈប្រតិភូសហគ្រាសចិន ដែលបានមកសិក្សាពីឱកាសធ្វើការវិនិយោគនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។
ក្រោយពីអនុញ្ញាតឲ្យគណៈប្រតិភូចិនធ្វើការណែនាំអំពីសហគ្រាសរបស់ខ្លួន និងបង្ហាញគោលបំណង នៃការសិក្សាអំពីឱកាសវិនិយោគនៅកម្ពុជា ឯកឧត្តម ព្រាប កុល បានផ្ដល់ការណែនាំអំពីចក្ខុវិស័យនៃរាជរដ្ឋាភិបាលកម្ពុជា ច្បាប់ នីតិវិធី និងស្ថាប័នពាក់ព័ន្ធ ដែលសហគ្រាស ឬក្រុមហ៊ុនបរទេសត្រូវបំពេញ និងអនុវត្តន៍ដូចជាអត្ថប្រយោជន៍ផ្សេងៗ ដែលសហគ្រាស និងក្រុមហ៊ុនបរទេសទទួលបានពីការវិនិយោគនៅកម្ពុជា ជាពិសេសកត្តាអំណោយផល និងបរិយាកាសល្អសម្រាប់ការធ្វើពាណិជ្ចកម្ម ដោយសាកម្ពុជាធានាបាននូវស្ថេរភាព នយោបាយ មានហេត្ថារចនាសម្ព័ន្ធសមរម្យ និងមានគុណសម្បត្តិសម្រាប់ការប្រកួតប្រជែង។ល។
គណៈប្រតិភូសហគ្រាសចិន បានថ្លែងអំណរគុណដល់ ឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានផ្ដល់កិត្តិយស និងឱកាសសម្រាប់ការជួបពិភាក្សានៅថ្ងៃនេះ ហើយសង្ឃឹមថា ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្តជួយគាំទ្រ និងសហការណ៍ជាមួយក្រុមហ៊ុន ដើម្បីធ្វើការសិក្សាពីឱកាសវិនិយោគនៅកម្ពុជារហូតដល់ក្រុមហ៊ុនអាចបោះទុនវិនិយោគដ៏ធំនៅពេលខាងមុខ ដើម្បីចូលរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជានាពេលអនាគត៕




