
ការិយាល័យបោះឆ្នោតជាច្រើន បានចាប់ផ្ដើមបើកទ្វារហើយ នៅព្រឹកថ្ងៃអង្គារ (ទី៦ ខែមិថុនា) នេះ នៅវេលាម៉ោង ៨:០០ ម៉ោងក្នុងស្រុក សម្រាប់ការបោះឆ្នោតសភា នៅប្រទេសគូវ៉ែត ដែលជាការបោះឆ្នោតលើកទី៧ ក្នុងរយៈពេលត្រឹមតែជាងមួយទសវត្សរ៍ ហើយបើយោងតាមទីភ្នាក់ងារព័ត៌មានគូវ៉ែត «Kuna» អ្នកបោះឆ្នោតជាង ៧៩៣.០០០នាក់ ត្រូវបានចុះឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តថ្មីចំនួន ៥០រូប បន្ទាប់ពីកាប្រកាសមោឃភាពនៃការបោះឆ្នោត នៅខែកញ្ញា ឆ្នាំ២០២២។
មនុស្សប្រមាណ ២០៧នាក់ កំពុងឈរឈ្មោះ ក្នុងនោះមានស្ត្រី ១៣នាក់ផងដែរ ដែលក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ មិនធ្លាប់មានការបោះឆ្នោតសភា ដែលមានបេក្ខជនឈរឈ្មោះតិចបែបនេះទេ។ ការិយាល័យបោះឆ្នោត នឹងបិទនៅម៉ោង ២០:០០ ម៉ោងក្នុងស្រុក ខណៈលទ្ធផលនឹងត្រូវប្រកាស នៅថ្ងៃស្អែក។
កាលពីខែមីនា តុលាការធម្មនុញ្ញរបស់ប្រទេសគូវ៉ែត បានលុបចោលលទ្ធផលនៃការបោះឆ្នោតសភា ឆ្នាំ២០២២ ដោយសារតែភាពមិនប្រក្រតីនៃការរំលាយសភាមុន ដែលសម្រេចឲ្យមានការយល់ព្រមឲ្យសភាឆ្នាំ២០២០ បំពេញតួនាទីឡើងវិញ។
សភាដែលមានសមាជិកចំនួន ៥០រូបរបស់ប្រទេសគូវ៉ែត ក្លាយទៅជាប្រភេទតែមួយគត់ នៅក្នុងរដ្ឋឈូងសមុទ្រ ដែលបានផ្តល់អំណាចដោយខ្លួនឯង ក្នុងការអនុម័ត និងរារាំងច្បាប់ សួរចម្លើយរដ្ឋមន្ត្រី និងការបោះឆ្នោតដកសេចក្តីចិត្តប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់ ទោះបីជាសិទ្ធិអំណាចចុងក្រោយ តែងតែធ្លាក់ទៅលើព្រះមហាក្សត្រក៏ដោយ។
ទោះយ៉ាងណាក៏ដោយ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ វិបត្តិផ្សេងៗ រវាងសភា និងរដ្ឋាភិបាល ក្នុងប្រទេសគូវ៉ែត បាននាំឲ្យព្រះមហាក្សត្ររំលាយសភាចំនួនដប់លើក៕
