ភ្នំពេញ៖ វ៉ាក់សាំងចិនស៊ីណូវ៉ាក់ចំនួន ៥សែនដូសដែលកម្ពុជាបានបញ្ជាទិញពីប្រទេសចិននោះ ត្រូវបានដឹកជញ្ជូនមកដល់កម្ពុជាហើយនៅព្រឹកថ្ងៃនេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់កាលពីសប្ដាហ៍មុនថា វ៉ាក់សាំងស៊ីណូវ៉ាក់ដែលមកដល់កម្ពុជានៅថ្ងៃនេះ នឹងត្រូវប្រើប្រាស់សម្រាប់ចាក់ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមនៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីបង្កើនភាពស៊ាំរបស់ពួកគាត់។
សម្ដេចតេជោ ហ៊ុន សែន ក៏បានឱ្យដឹងផងដែរថា វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥សែនដូសទៀតដែលកម្ពុជាបញ្ជាទិញពីចិននោះ នឹងមកដល់កម្ពុជានៅថ្ងៃទី១៥ ខែឧសភានេះ។
វ៉ាក់សាំងចិនស៊ីណូវ៉ាក់ចំនួន ២លានដូសដែលកម្ពុជាបញ្ជាទិញនាពេលកន្លងមក ត្រូវបានដឹកជញ្ជូនមកដល់កម្ពុជារួចមកហើយ ហើយការមកដល់នៃវ៉ាក់សាំងស៊ីណូវ៉ាក់នៅថ្ងៃនេះ នាំឱ្យកម្ពុជាទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់សរុបដល់ទៅ ២លាន ៥សែនដូសរួចហើយ។
គិតមកដល់ថ្ងៃនេះ កម្ពុជាទទួលបានវ៉ាក់សាំង ៣ប្រភេទសរុប ៤ ៧២៤ ០០០ដូស ក្នុងនោះមានវ៉ាក់សាំងស៊ីណូវ៉ាក់ ២.៥លានដូស វ៉ាក់ស៊ីណូហ្វាម ១.៧លានដូស និងវ៉ាក់សាំង Covishield ៣២៤ ០០០ដូស៕


