
ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការអ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានបង្ហាញនូវអ្វី ដែលក្រុមមន្ត្រីពិពណ៌នាថា ជាមីស៊ីលផ្លោងលឿនជាងសំឡេងផលិតក្នុងស្រុកដំបូងរបស់ខ្លួន នៅថ្ងៃអង្គារនេះ ជាការប្រកាសមួយទំនងបង្កើននូវការបារម្ភរបស់លោកខាងលិច អំពីសមត្ថភាពមីស៊ីលរបស់ទីក្រុងតេអេរ៉ង់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានផ្សព្វផ្សាយរូបភាពនៃមីស៊ីល ដែលមានឈ្មោះថា Fattah នៅក្នុងពិធីមួយ ដែលចូលរួមដោយប្រធានាធិបតី លោក Ebrahim Rahisi និងមេបញ្ជាការកងឆ្មាំបដិវត្តន៍វរជនរបស់អ៊ីរ៉ង់។
ប្រធានកងកម្លាំងផ្លូវអាកាសរបស់ឆ្មាំបដិវត្តន៍ លោក Amirali Hajizadeh ដែលត្រូវបានដកស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បាននិយាយថា៖ «មីស៊ីល Fattah ដែលមានល្បឿនលឿនជាងសំឡេងដែលណែនាំដោយវិធីយ៉ាងជាក់លាក់ អាចបាញ់បានរយៈចម្ងាយ ១.៤០០គីឡូម៉ែត្រ និងមានសមត្ថភាពអាចទម្លុះខែលការពារទាំងអស់»។
មីស៊ីលមានល្បឿនលឿនជាងសំឡេងនេះ អាចហោះបានយ៉ាងហោចប្រាំដងលឿនជាងសំឡេង និងនៅលើគន្លងស្មុគស្មាញ ដែលធ្វើឲ្យពិបាកក្នុងការស្ទាក់ចាប់។ កាលពីឆ្នាំមុន សាធារណរដ្ឋអ៊ីស្លាមមួយនេះ បាននិយាយថា ខ្លួនបានផលិតមីស៊ីលល្បឿនលឿនជាងសំឡេង ដែលអាចហោះហើរពត់ពេនក្នុងនិងក្រៅបរិយាកាស៕
