អ៊ុយក្រែន៖ សន្ធឹកទឹកហូរយ៉ាងខ្លាំងកាត់ទំនប់ទឹកដ៏ធំមួយនៅលើទន្លេ Dnipro ដែលខណ្ឌចែកកម្លាំងរុស្ស៊ី និង អ៊ុយក្រែន ក្នុងប្រទេសអ៊ុយក្រែនភាគខាងត្បូង កាលពីថ្ងៃអង្គារ បង្កជាទឹកជំនន់ជន់លិចផ្ទៃដីដ៏ធំនៃតំបន់សង្រ្គាម និងបង្ខំឲ្យក្រុមអ្នកភូមិរត់ភៀសខ្លួន។

ក្រុមសង្រ្គោះបន្ទាន់របស់អ៊ុយក្រែន កាលពីថ្ងៃអង្គារ បានបង្ហាញពីក្រុមការងារសង្រ្គោះប្រើប្រាស់ទូកម៉ាស៊ីនទូទាំងតំបន់លំនៅឋានប្រជាពលរដ្ឋរងការជន់លិចក្នុងតំបន់ Kherson។
ប្រទេសអ៊ុយក្រែន និងរុស្ស៊ី បានចោទដាក់គ្នាទៅវិញទៅមក ចំពោះការបំផ្ទុះទំនប់ទឹក Nova Kakhovka ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្រ្គាម។ វិមានក្រឹមឡាំងនិយាយថា អ៊ុយក្រែនជាអ្នកបំផ្លាញទំនប់ទឹកនេះ ដើម្បីបង្វែរការចាប់អារម្មណ៍ពីការបើកការវាយបកដ៏ធំ ដែលទីក្រុង Moscow និយាយថា កំពុងបរាជ័យ។ ក្រុមមន្ត្រីលើកបន្តុបដោយរុស្ស៊ី មួយចំនួន បាននិយាយថា ទំនប់ទឹកនេះ បានដាក់ដោយខ្លួនឯង។
ភាគីទាំង២ពុំបានផ្ដល់ភស្តុតាងជាសាធារណៈភ្លាមៗទេថាតើភាគីណាមួយដែលទទួលខុសក្នុងរឿងនេះ។ អនុសញ្ញាក្រុងហ្សឺណែវ ហាមប្រាមដាច់ខាតចំពោះការដាក់គោលដៅលើទំនប់នានា ដោយសារតែវាបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។

យោងតាមសំណើដែលសារព័ត៌មាន Reuters ទទួលបាន ទាំងអ៊ុយក្រែន ទាំងរុស្ស៊ី បានស្នើដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យរៀបចំជំនួបពិភាក្សាមួយស្ដីពីការបាក់ទំនប់ទឹក ។ ប្រទេសអ៊ុយក្រែនបានចោទរុស្ស៊ីពីបទប្រព្រឹត្តភេរវកម្មអេកូឡូស៊ី និងបច្ចេកវិទ្យា ខណៈរុស្ស៊ីបានហៅថាជាអំពើបំផ្លិចបំផ្លាញដែលធ្វើឡើងដោយអ៊ុយក្រែន ៕