ភ្នំពេញ ៖ ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា រួមគ្នាជាមួយនឹង ស្ថានទូតរដ្ឋជាសមាជិកសហភាព អឺរ៉ុប ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និង អេកូយុវទូត (Young Eco Ambasador) បាន បញ្ចប់ យុទ្ធនាការសប្តាហ៍បៃតងរបស់សហភាពអឺរ៉ុប ជាមួយនឹងការ សម្អាតទីសាធារណៈ តាមបណ្តោយ ទន្លេសាប ចាប់ពីសួនជ្រោយចង្វារហូតដល់សហគមន៍ នេសាទជិតសណ្ឋាគារសុខា នៅថ្ងៃ អាទិត្យ ទី ៦ ខែ តុលា ។
ប្រជាពលរដ្ឋ ប្រមាណ ៣០០នាក់បានចូលរួម សំអាតបរិស្ថាន ក្រោម យុទ្ធនាការបៃតង របស់ សហ ភាពអឺរ៉ុប ដឹកនាំដោយឯកឧត្តម នេត្រ ភក្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក Franck Visult ភារធារីស្តីទី នៃប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជា។
ឯកឧត្តម ណេត ភត្រា បានបញ្ជាក់ថា យុទ្ធនាការសម្អាត ទីសាធារណៈនេះ ក្នុងគោល បំណង ជំរុញការអនុវត្តវិធានការទូទាំងសកលលោក ឆ្លើយតបចំពោះការប្រែប្រួល អាកាសធាតុ ការ បំពុល បរិស្ថាន និងសំណល់ប្លាស្ទិក ។ ឯកឧត្តម បន្តថា ក្នុងមួយថ្ងៃនៅក្នុងរាជធានីភ្នំពេញ បានប្រើប្រាស់ ថង់ប្លា ស្ទីក ប្រមាណ១០លានថង់ ដែលនេះ គឺជាកង្វល់ ទាមទារអោយមានការចូលរួមដោះស្រាយទាំងអស់។ ការ ដោះស្រាយនោះ គឺប្រជាពលរដ្ឋត្រូវកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក និងត្រូវប្រើថង់ប្លាស្ទីក អោយ បាន២ ទៅ៣ដង ក្នុងមួយថង់ ។
លោក Frank Vault ភារធារីនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា មានប្រសាសន៍ថា “ការបំពុលដោយប្លាស្ទិក គឺជា បញ្ហាធំចំបងមួយក្នុងចំណោមបញ្ហាបរិស្ថានធំៗជាច្រើនទៀត ដែលកើតឡើងជាទូទៅជាងគេ ។ ក្នុង ចំណោមប្លាស្ទិក ទាំង អស់ដែលត្រូវបានប្រើប្រាស់ មានពាក់កណ្តាលជា ប្លាស្ទិកដែលប្រើប្រាស់ បាន តែ មួយ ដងប៉ុណ្ណោះ ហើយប្លាស្ទិកបែបនេះ រហូតដល់ ៩០% ត្រូវបានគេចោល ដោយផ្ទាល់ ទៅ ក្នុងទន្លេ និងសមុទ្របស់យើង។ សហភាពអឺរ៉ុប លើក ទឹកចិត្តឱ្យមាន ការកែច្នៃ ប៉ុន្តែការកែច្នៃតែមួយមុខ គឺមិនគ្រប់ គ្រាន់នោះឡើយ។
សូមបញ្ជាក់ថា សហភាពអឺរ៉ុប (រដ្ឋជាសមាជិក គណៈកម្មការអឺរ៉ុប និងធនាគារវិនិយោគអ៊ឺរ៉ុប) តំណាង អោយ ៤០ ភាគរយ នៃហិរញ្ញប្បទានសកលលើការងារអាកាស ធាតុសាធារណៈ ។ នៅកម្ពុជា សហភាព អឺរ៉ុប បាននិងកំពុងគាំទ្រដល់សកម្មភាពឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុជាយូរ មកហើយ ហើយនៅពេលថ្មីៗនេះ បានសន្យាផ្តល់ថវិកាចំនួន ៦ លានអឺរ៉ូ ដើម្បីគាំទ្រដល់កិច្ចខិត ខំប្រឹងប្រែង របស់ រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុផងដែរ ៕







