អាមេរិក៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានសម្រេចដាក់ទណ្ឌកម្មលើបុគ្គលនិងអង្គភាពអាជីវកម្មជាច្រើន នៅប្រទេសចិន ហុងកុង និងអ៊ីរ៉ង់ ដោយក្នុងរួមទាំងសេនាអនុព័ន្ធការពារជាតិរបស់អ៊ីរ៉ង់ នៅទីក្រុងប៉េកាំងផងដែរ ជុំវិញការចោទប្រកាន់ថា អ្នកទាំងនោះបានជួយទិញគ្រឿងបង្គុំ និងបច្ចេកវិទ្យា ដែលជាកត្តាដ៏សំខាន់ ក្នុងការអភិវឌ្ឍមីស៊ីលបាលិស្ទិករបស់ប្រទេសអ៊ីរ៉ង់។

កាលពីព្រឹកថ្ងៃអង្គារ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការអ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់បានបង្ហាញនូវអ្វីដែលក្រុមមន្ត្រីបានពិពណ៌នាថា ជាមីស៊ីលបាលិស្ទិកល្បឿនលឿនជាងសំឡេងផលិតក្នុងប្រទេសលើកដំបូង ជាការប្រកាសមួយ ដែលទំនងជាបង្កើននូវការបារម្ភកាន់តែខ្លាំងរបស់លោកខាងលិចអំពីសមត្ថភាពមីស៊ីលរបស់ទីក្រុងតេអេរ៉ង់។
លោក Brian Nelson អនុរដ្ឋមន្ត្រីរតនាគារជាតិទទួលបន្ទុកភេរវកម្ម និងចារកម្មហិរញ្ញវត្ថុ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សហរដ្ឋអាមេរិក នឹងបន្តកំណត់គោលដៅបណ្តាញផ្គត់ផ្គង់ឆ្លងដែនខុសច្បាប់ ដែលគាំទ្រការផលិតមីស៊ីលបាលិស្ទិករបស់អ៊ីរ៉ង់ និងកម្មវិធីយោធាផ្សេងៗទៀត»។

ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយលើអ៊ីរ៉ង់ រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងនោះរួមទាំងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទិករបស់ប្រទេសនេះ ហើយនិងការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សផងដែរ។
ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មនេះ តំណាងរបស់អ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក និងស្ថានទូតចិន នៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗនោះទេ ចំពោះការស្នើសុំការអត្ថាធិប្បាយ៕