
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ សូមរក្សាភាពស្ងប់ស្ងាត់ កុំស្តាប់តាមការញុះញង់ និងចលនារបស់ជនអគតិមួយក្តាប់តូច ដែលធ្វើការរារាំងមិនឲ្យបងប្អូនទៅចូលរួមបោះឆ្នោត នាពេលខាងមុខនេះ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ខណៈយុទ្ធនាការបោះឆ្នោតសកលអាណត្តិទី៧ កាន់តែខិតជិតមកដល់ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានសិទ្ធិបោះឆ្នោតអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ប្រកបដោយបរិយាកាសនយោបាយអព្យាក្រឹត្យ និងស្របទៅតាមសិទ្ធិជ្រើសរើសរបស់បងប្អូនប្រជាពលរដ្ឋ ដោយកុំស្តាប់តាមការញុះញង់ពីមជ្ឈដ្ឋាននានា ដែលមានចេតនាទុច្ចរិតបន្ទច់បង្អាក់មិនឲ្យបងប្អូនទៅបោះឆ្នោតដោយហេតុផលនេះហេតុផលនោះជាដើម។
សូមបញ្ជាក់ថា នៅរយៈពេលប៉ុន្មានថ្ងៃមកនេះមានជនអគតិមួយក្តាប់តូច ដែលសុទ្ធតែអ្នករត់ចោល ស្រុកបានប្រើធម្យោបាយទុច្ចរិតនានា ក្នុងគោលបំណងរារាំងមិនឲ្យបងប្អូនទៅចូលរួមការបោះឆ្នោតតំណាងរាស្រ្តអាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះដោយសារតែគ្មានវត្តមានបក្សនេះ បក្សនោះជាដើម។យ៉ាងណាក៏ដោយបន្ទាប់ពីបានដឹង និងឃើញនូវសកម្មភាពបន្ទច់បង្អាក់ពីក្រុមទាំងនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអំពាវនាវដល់បុគ្គលដែលមានចេតនាទុច្ចរិតទាំងនោះ ត្រូវបញ្ឈប់នូវសកម្មភាពរបស់ខ្លួនជាបន្ទាន់ ហើយប្រសិនបើក្នុងករណីមិនបញ្ឈប់សកម្មភាពទាំងនេះទេ គ.ជ.ប នឹងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះសកម្មភាពរបស់ពួកផងខ្លួន ដែលបានរំលោភលើច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប៕អត្ថបទ៖ បានចក់