បារាំង៖ ក្រុមបាតុករប្រឆាំងកំណែទម្រង់អាយុចូលនិវត្តន៍បារាំង បានសម្រុកចូលក្នុងទីស្នាក់ការកណ្ដាល Paris 2024 Olympic Games កាលពីថ្ងៃអង្គារ ខណៈដែលក្រុមសហជីព បានសម្រេចប៉ុនប៉ងចុងក្រោយដើម្បីដាក់សម្ពាធក្នុងការកែប្រែការដំឡើងអាយុចូលនិវត្តន៍របស់លោកប្រធានាធិបតី Emmanuel Macron។

ក្រុមអ្នកតវ៉ាស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ បានដុតរថយន្ត នៅកណ្ដាលផ្លូវក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី៦ខែឧសភា ដែលបង្ខំឲ្យនគរបាលប្រើឧស្ម័នបង្ហូរទឹកភ្នែក ទប់ទល់នឹងការតវ៉ានេះ។
ទូរទស្សន៍ BFM បានបង្ហាញរូបភាពនៃក្រុមសកម្មប្រយុទ្ធសហជីព ប្រកាន់ជំហរតឹងរ៉ឹង CGT រាប់សិបនាក់ សម្រុកចូលកាន់កាប់មួយរយៈខ្លី លើអគារអូឡាំពិកក្នុងសង្កាត់ Aubervilliers (អូប៊ែរវីលីយេ) ភាគខាងជើងក្រុងប៉ារីស ខណៈក្បួនជាច្រើនកំពុងប្រព្រឹត្តទៅនៅក្នុងទីក្រុងតូចធំទូទាំងប្រទេសបារាំង។

អ្នកនាំពាក្យពហុកីឡដ្ឋានអូឡាំពិក បានប្រាប់សារព័ត៌មាន Reuters ថា ពុំមានអំពើហិង្សានិងការខូចខាតទេ។
ក្រុមសហជីព បានប្រឆាំងទៅនឹងទង្វើរបស់លោក Macron ក្នុងការធ្វើឲ្យបុគ្គលិករដ្ឋបារាំងបន្ថែមអាយុធ្វើការយូរទៀតចាប់តាំងពីពាក់កណ្ដាលខែមករាមក ដោយដុតបញ្ឆេះឲ្យមានកូដកម្មនិងការតវ៉ា កើតឡើងមកដល់សព្វថ្ងៃ រហូតឈានដល់អំពើហិង្សា។
លោក Macron និយាយថា វាជារឿងចាំបាច់ក្នុងការដំឡើងអាយុចូលនិវត្តន៍ពី៦២ ដល់៦៤ ឆ្នាំ ដើម្បីទប់កុំឲ្យមានកង្វះប្រាក់សោធននិវត្តន៍។ ទោះជាយ៉ាងណា សហជីពនិយាយថា លុយនេះអាចរកបាននៅកន្លែងផ្សេងទៀត ដូចជាការយកពន្ធពីក្រុមអ្នកមានបន្ថែមទៀត៕
