អាមេរិក៖ ក្រុមនគរបាលនិយាយថា បុរសម្នាក់ប្រដាប់ដោយកាំភ្លើងខ្លី ៤ដើម បានបាញ់សម្លាប់មនុស្ស ២នាក់ និងធ្វើឲ្យរងរបួសមនុស្ស ៥នាក់ផ្សេងទៀត ពេលរូបគេបាញ់ប្រហារទៅលើហ្វូងមនុស្សនៅក្រៅពិធីបញ្ចប់ការសិក្សាវិទ្យាល័យ ស្ថិតនៅក្នុងទីក្រុង Richmond រដ្ឋ Virginia សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ។
រូបភាពវីដេអូឃ្លីបពីសាក្សី ឃើញលទ្ធផលភ្លាមៗពីឧបទ្ទេវហេតុបាញ់ប្រហារនេះ ក្នុងនោះទីកន្លែងកើតហេតុ ត្រូវបានបិទ ហើយនិងមានវត្តមានដ៏ច្រើនរបស់ក្រុមមន្រ្តីនគរបាល
ក្រុមនគរបាល និយាយថា ពួកគេបានចាប់ខ្លួនជនស្ស័យម្នាក់ គឺជាបុរសវ័យ ១៩ឆ្នាំ ដែលស្គាល់មនុស្សម្នាក់ក្នុងចំណោមជនរងគ្រោះ ហើយនិងបានបាញ់សំដៅលើជនរងគ្រោះ ពេលដែលហ្វូងមនុស្សទើបចេញពីពិធីចែកសញ្ញាប័ត្រវិទ្យាល័យ Huguenot ។
គួរឲ្យដឹងថា សហរដ្ឋអាមេរិក បានស៊ាំខ្លាំងទៅហើយនឹងករណីបាញ់បោះសេរីទ្រង់ទ្រាយធំនៅតាមទីសាធារណៈ ដូចជាតាមសាលារៀន ផ្សារទំនើប និងតាមព្រះវិហារ ។
យោងតាមឯកសារអំពើហិង្សាអាវុធ Gun Violence Archive បានឲ្យដឹងថា ករណីបាញ់ប្រហារទ្រង់ទ្រាយធំនេះ គឺជាករណីបាញ់ប្រហារលើកទី ២៧៩នៅសហរដ្ឋអាមេរិក អំឡុងរយៈពេល១៥៧ថ្ងៃដំបូងក្នុងឆ្នាំ ២០២៣នេះ ពោលគឺមនុស្ស ៤នាក់ ឬច្រើនជាងនេះ រងការបាញ់ប្រហារ ឬត្រូវបានសម្លាប់ នៅក្នុងឧបទ្ទេវហេតុមួយលើក ដែលនេះពុំរាប់បញ្ចូលខ្មាន់កាំភ្លើងនោះទេ ៕


