ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រដ្ឋាភិបាលចិន មិនត្រឹមតែគោរពនូវ ឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងគោរពនូវការសម្រេចចិត្តនានារាប់ទាំង គម្រោងអភិវឌ្ឍន៍របស់កម្ពុជាផងដែរ មិនដូចប្រទេសខ្លះ ចង់ផ្តល់ជំនួយឲ្យកម្ពុជាតែបែជាមកបញ្ជាឲ្យកម្ពុជាធ្វើនេះធ្វើនោះទៅវិញ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ចិនតែងតែគោរពនូវការសំណូមពររបស់កម្ពុជាជានិច្ច ខណៈកម្ពុជាមានសំណើរអ្វីមួយចិនពុំដែលប្រកែក និងបញ្ជាដល់កម្ពុជា នោះទេ ជាក់ស្តែងដូចបានឃើញមកហើយរាល់សមិទ្ធផលដែលចិនបានជួយដល់កម្ពុជា គឺធ្វើទៅតាមការសម្រេចចិត្តរបស់កម្ពុជាទាំងអស់។
ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ការដែលសម្តេចស្វះស្វែងរកជំនួយ គឺមិនមែនមកបង្ហើយផ្ទះបាយរបស់សម្តេចនោះទេ គឺយកមកស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ដូចជាស្ពាន និងផ្លូវថ្នល់ ជូនដល់បងប្អូនប្រជាពលរដ្ឋជនរួមជាតិគ្រប់ៗគ្នាសម្រាប់ប្រើប្រាស់តែប៉ុណ្ណោះ៕អត្ថបទ៖ បាន ចក់





