រដ្ឋផ្លរីដា (Florida) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានទទួលស្គាល់តួនាទី ក្នុងការបញ្ជូនជនអន្តោប្រវេសន៍តាមជើងហោះហើរចំនួនពីរ ទៅកាន់រដ្ឋកាលីហ្វ័រនីញ៉ា (California) ដោយនិយាយថា ជនអន្តោប្រវេសន៍ទាំងអស់បានធ្វើដំណើរដោយស្ម័គ្រចិត្ត។

ក្រុមមន្ត្រីរដ្ឋកាលីហ្វ័រនីញ៉ា បានឲ្យដឹងថា ជើងហោះហើរចំនួនពីរ បានមកដល់ដោយមិនមានការប្រាប់ឲ្យដឹងជាមុន នៅក្នុងទីក្រុង Sacramento ប៉ុន្មានថ្ងៃថ្មីៗនេះ ហើយបាននិយាយថា ជនអន្តប្រវេសន៍ បានយកឯកសារដែលបញ្ជាក់ពីការដឹកជញ្ជូនរបស់ពួកគេមកបង្ហាញ ដែលជាប់ទាក់ទងនឹងរដ្ឋហ្វ្លរីដា។

តាមមើលទៅ ជនអន្តោប្រវេសន៍ទាំងនោះ មិនមែនឆ្លងកាត់រដ្ឋហ្វ្លរីដានោះទេ ប៉ុន្តែត្រូវបានដឹកពីរដ្ឋតិចសាស់ (Texas) ទៅកាន់រដ្ឋញ៉ូវម៉ិកស៊ីកូ (New Mexico) ហើយបន្ទាប់មកបានហោះទៅកាន់ក្រុង Sacramento។ អ្នកស្វែងរកសិទ្ធិជ្រកកោន នៅអាមេរិកខាងត្បូងចំនួន ១៦នាក់ បានមកដល់កាលពីថ្ងៃសុក្រ ហើយចំនួន ២០នាក់ផ្សេងទៀត មកដល់កាលពីថ្ងៃចន្ទ។
រថយន្តក្រុង និងយន្តហោះដឹកជនអន្តោប្រវេសន៍ បានបង្កើនភាពតានតឹងក្នុងចំណោមបក្សពួក ជុំវិញបញ្ហាជនអន្តោប្រវេសន៍នេះ ខណៈលោក Ron DeSantis ដែលជាអភិបាលរដ្ឋហ្វ្លរីដា បន្តប្រឹងប្រែងប្រជែងយកការតែងតាំងពីគណបក្សសាធារណរដ្ឋ ក្នុងឆ្នាំ២០២៤ សម្រាប់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក។
ផ្នែកសង្គ្រោះបន្ទាន់របស់រដ្ឋហ្វ្លរីដា បានឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃអង្គារ បន្ទាប់ពីមន្ត្រីរបស់រដ្ឋ នៅស្ងៀមស្ងាត់លើបញ្ហានេះអស់រយៈពេលជាច្រើនថ្ងៃ។
លោកស្រី Alecia Collins អ្នកនាំពាក្យផ្នែកគ្រប់គ្រងគ្រាអាសន្ន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការផ្លាស់ប្តូរទីកន្លែងដោយស្ម័គ្រចិត្តរបស់រដ្ឋហ្វ្លរីដា គឺច្បាស់ណាស់ថា ជាការស្ម័គ្រចិត្តពិតមែន។
តាមរយៈការព្រមព្រៀងដោយពាក្យសំដី និងជាលាយលក្ខណ៍អក្សរ អ្នកស្ម័គ្រចិត្តទាំងនេះ បានបង្ហាញពីចេតនា ក្នុងការផ្លាស់ទៅរដ្ឋកាលីហ្វ័រនីញ៉ា»។
ចំណែកអភិបាលរដ្ឋកាលីហ្វ័រនីញ៉ា លោក Gavin Newsom ដែលជាសមាជិករបស់គណបក្សប្រជាធិបតេយ្យ បានស្នើកាលពីថ្ងៃចន្ទថា លោក DeSantis អាចនឹងត្រូវទទួលរងការចោទប្រកាន់ពីបទចាប់ជំរិតទាក់ទងនឹងជើងហោះហើរនេះ ហើយអគ្គមេធាវីរដ្ឋកាលីហ្វ័រនីញ៉ា លោក Rob Bonta ក៏បាននិយាយផងដែរថា លោកកំពុងស៊ើបអង្កេតថា តើអាចនឹងមានការទទួលខុសត្រូវព្រហ្មទណ្ឌ ឬរដ្ឋប្បវេណីឬទេ សម្រាប់អ្នកដែលបានរៀបចំឲ្យមានជើងហោះហើរទាំងនេះ។
ការឆ្លើយតបរបស់រដ្ឋហ្វ្លរីដា កាលពីថ្ងៃអង្គារ មិនបានបញ្ជាក់ជាក់លាក់អំពីជើងហោះហើរនោះទេ ប៉ុន្តែបានបានបង្ហាញការរិះគន់ទូទៅបន្ថែមទៀតដែលសំដៅទៅលើរដ្ឋ៕