ស្ពានបេតុងបែងចែកគន្លងផ្លូវ៤ ដែលត្រូវបានកសាងឆ្លងកាត់ទន្លេគង្គា ស្ថិតនៅរដ្ឋភាគខាងកើត Bihar ប្រទេសឥណ្ឌា បានបាក់ជាលើកទី ២ក្នុងរយៈពេលត្រឹមតែ១ឆ្នាំប៉ុណ្ណោះ ជាហេតុធ្វើឲ្យមានការចោទសួរជាថ្មីម្តងទៀតពីគុណភាពសំណង់ស្ពាន ។

រូបភាពវីដេអូ ឃើញស្ពានប្រវែង ៣គ.ម បាក់ធ្លាក់ចូលទន្លេកាលពីថ្ងៃអាទិត្យ ធ្វើឲ្យខ្ទាតកម្ទេចកម្ទី និងធូលីហុយឡើងលើមេឃ និងមានរលកបោកបក់ឆ្លងកាត់ទន្លេពិសិដ្ឋមួយនេះ ។
ស្ពាន Sultanganj Bridge បានបាក់២លើក ចាប់តាំងពីការសាងសង់ចាប់ផ្តើមកាលពីឆ្នាំ ២០១៧ ពោលគឺការបាក់លើកដំបូងកើតឡើងកាលពីខែខែមេសា ឆ្នាំមុន មុនពេលបាក់ម្តងទៀតកាលពីថ្ងៃអាទិត្យ ។ គេនៅពុំទាន់ដឹងច្បាស់នោះទេ ថាតើមូលហេតុអ្វីដែលបណ្តាលឲ្យស្ពានបាក់កាលពីឆ្នាំមុន ឬថាតើបញ្ហាត្រូវបានគេកែតម្រូវហើយឬនៅ ។ ហ្វូងមនុស្សនៅលើច្រាំងទន្លេ គេអាចមើលឃើញកំពុងនាំគ្នាថតស្ពាន និងស្រែក ពេលដែលស្ពានបាក់ចុះក្រោម ។
កាលពីថ្ងៃចន្ទកន្លងទៅ អភិបាលរដ្ឋ Bihar លោក Nitish Kumar បាននិយាយថា លោកបានបញ្ជាឲ្យបើកការស៊ើបអង្កេតលើឧបទ្ទេវហេតុនេះ ។
ដោយឡែកក្រុមហ៊ុនចេញគំរូប្លង់ និងវិស្វកម្មកាណាដា McElhanney ដែលជាអ្នកកសាងស្ពាននេះ បាននិយាយនៅក្នុងសេចក្តីថ្លែការណ៍កាលពីថ្ងៃចន្ទថា ពួកគេបានដឹងពីការបាក់ស្ពានដោយផ្នែកនេះ ហើយពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាព និងសុខមាលភាពរបស់អ្នកដែលរងផលប៉ះពាល់ដោយសារឧបទ្ទេវហេតុមួយនេះ ៕
