មហាសន្និបាតអង្គការសហប្រជាជាតិ(UN) បានជ្រើសរើសប្រទេសអាល់ហ្សេរី ហ្គីយ៉ាណា ស៊ីរ៉ាឡេអូន ស្លូវេនី និងកូរ៉េខាងត្បូង ចូលទៅក្នុងក្រុមប្រឹក្សាសន្តិសុខ UN ក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល ២ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ខាងមុខនេះតទៅ ស្របពេលដែលប្រទេសបេឡារុស គឺជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី ដែលបានបើកការវាយលុករបស់ពួកគេទៅលើអ៊ុយក្រែននោះ ត្រូវបានទាត់ចោលតំណែងរបស់ពួកគេ ។

អាល់ហ្សេរី ហ្គីយ៉ាណា ស៊ីរ៉ាឡេអូន ស្លូវេនី និងកូរ៉េខាងត្បូង រកបានកន្លែងរបស់ពួកគេដោយគ្មានការជំទាស់នៅក្នុងក្រុមប្រឹក្សាមាន១៥សមាជិកប្រទេសមួយនេះ ដែលទទួលបន្ទុករក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ នៅការប្រកួតប្រជែងតែមួយគត់ គឺប្រទេសស្លូវេនី បានយកឈ្នះប្រទេសបេឡារុស ។ ប្រទេសទាំង ៥នេះ នឹងជំនួសតំណែងរបស់ប្រទេសអាល់បានី ប្រេស៊ីល ហ្គាបុង ហ្គាណា និងអារ៉ាប់រួម ។

ដើម្បីធានាដល់ការតំណាងភូមិសាស្រ្តនយោបាយ អាសនៈត្រូវបានបែងចែកទៅឲ្យក្រុមប្រទេសក្នុងតំបន់ ។ ប៉ុន្តែបើទោះបីជាបេក្ខភាពរកបានតំណែងដោយគ្មានការជំទាស់យ៉ាងណាក្តីនៅក្នុងក្រុមរបស់ពួកគេ ពួកគេនៅត្រូវការឈ្នះការគាំទ្រជាង ២ភាគ៣នៃមហាសន្និបាត ។
សូមបញ្ជាក់ថា ប្រទេសហ្គីយ៉ាណា ទទួលបាន ១៩១សំឡេង ស៊ីរ៉ាឡេអូន ទទួលបាន ១៨៨សំឡេង អាល់ហ្សេរី ទទួលបាន ១៨៤សំឡេង និងកូរ៉េខាងត្បូង ទទួលបាន ១៨០សំឡេង ។ ចំណែកឯប្រទេសស្លូវេនី ទទួលបាន ១៥៣សំឡេង ដើម្បីយកឈ្នះ ប្រទេសបេឡារុស ដែលទទួលបាន ៣៨សំឡេងប៉ុណ្ណោះ ៕
