បញ្ហាកង្វះម្ហូបអាហារ ថ្នាំពេទ្យ និងជាពិសេសទឹក កំពុងក្លាយជាស្ថានភាពរឹតតែអាក្រក់ឡើង ខណៈការប្រយុទ្ធគ្នា បានកើនឡើងរឹតតែខ្លាំង ក្នុងទីក្រុងធំៗរបស់ប្រទេសស៊ូដង់ កាលពីថ្ងៃចន្ទ ពោលគឺកើតមានឡើងត្រឹមតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ អស់សុពលភាព។

ភ្លើងសង្គ្រាមដ៏ក្ដៅគគុក រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAR) និងគូប្រជែងកងកម្លាំងគាំទ្ររហ័ស (RSF) បាឆាបឆេះកាន់តែសន្ធោសន្ធៅឡើង និងរីករាលដាលពាសពេញតំបន់ទីក្រុងធំៗនៃប្រទេសស៊ូដង់ ដែលរួមមានទីក្រុងខាទូម (Khartoum) អ៊ុដឺមែន (Omdurman) និងខាទូមខាងជើង (Khartoum North) ក៏ដូចជានៅទីក្រុងដាហ្វួរ (Darfur) ផងដែរ។

ការប្រយុទ្ធគ្នានេះបានធ្វើឲ្យស្ថានការណ៍មនុស្សធម៌ដ៏គ្រោះថ្នាក់ ក្នុងប្រទេស កាន់តែមានសភាពយ៉ាប់យ៉ឺនទៅ។ ប្រជាជននៅតំបន់ទីក្រុងធំៗទាំងនេះ ត្រូវបានជាប់នៅក្នុងស្ថានភាពទុក្ខព្រួយ ដោយសារថាមពល ឧស្ម័ន និងការទំនាក់ទំនងត្រូវបានកាត់ផ្តាច់ ហើយអាហារ ទឹក និងថ្នាំ ក៏អស់ទៅហើយដែរ។
យោងតាមទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ ឬ UNICEF បានឲ្យដឹងថា សូម្បីតែមុនពេលមានសង្គ្រាម ប្រជាជនស៊ូដង់ ១៧,៣លាននាក់ មិនអាចទទួលបានទឹកបរិភោគប្រកបដោយសុវត្ថិភាពរួចស្រេចទៅហើយ ហើយទីភ្នាក់ងារដដែលនេះ នៅបានបញ្ជាក់ទៀតថា ជំងឺឆ្លងតាមរយៈការប្រើប្រាស់ទឹក និងកង្វះអនាម័យ គឺជាមូលហេតុនាំឲ្យកុមារអាយុក្រោម ៥ឆ្នាំ ស្លាប់។
បន្ទាប់ពីសង្គ្រាមបានផ្ទុះឡើង រោងចក្រប្រព្រឹត្តិកម្មទឹកដែលផ្គត់ផ្គង់ទឹកពីទន្លេនីល (Nile River) ទៅកាន់តំបន់ទីក្រុងធំៗ ត្រូវបានបិទដោយសារតែការបាញ់ផ្លោង និងការដាច់ចរន្តអគ្គិសនី។ ប្រជាជនរាប់ម៉ឺននាក់នៅទីក្រុងខាទូមខាងជើង (Khartoum North) ត្រូវបានកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក ដោយធ្វើឲ្យគ្រួសារជាច្រើនទៅយកទឹកពីទន្លេនីលមកប្រើប្រាស់។
កាលពីថ្ងៃចន្ទ រដ្ឋាករទឹក នៅក្នុងតំបន់ទីក្រុងៗទាំងនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយព្រមានអំពីវិបត្តិការខ្វះទឹកបរិភោគកាន់តែអាក្រក់ទៅ ខណៈដែល កងកម្លាំងគាំទ្ររហ័ស (RSF) បានកាន់កាប់ស្ថានីយ៍ទឹកក្នុងស្រុកដ៏ធំមួយ៕
