ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ ស្ថិតនៅក្នុងស្រុកចំនួន០២ គឺស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ មានរៀបចំពិធីចែកអំណោយរបស់រាជរដ្ឋាភិបាលដល់ប្រជាពលរដ្ឋងាយរងគ្រោះ សរុបចំនួន៥០០គ្រួសារ ក្នុងនោះស្រុកឆែប ២០០គ្រួសារ និងស្រុកជ័យសែន ៣០០គ្រួសារ ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។
ពិធីនេះ ក៏មានការចូលរួមពីសំណាក់អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូបផងដែរ ដែលប្រារព្ធធ្វើឡើងនៅក្នុងបរិវេណ សាលាស្រុក នៃស្រុកទាំង០២។
នៅក្នុងឱកាសនោះ ឯកឧត្ដម គីម រិទ្ធី បាន ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដាំផ្ញើក្តីនឹករឮកការស្រឡាញ់យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ចចំពោះសុខទុក្ខបងប្អូនប្រជា ពលរដ្ឋគ្រប់មូលដ្ឋាន ពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និងប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាក ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ជាមួយនេះ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តការយកចិត្ត ទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត នឹងខិតខំបង្កបង្កើនផល ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ត្រូវខិតខំចិញ្ចឹមសត្វ និងដាំ ដុះដំណាំរួមផ្សំផ្សេងៗបន្ថែមទៀត ខណៈរដូវរស្សាក៏បានដល់ ដើម្បីធ្វើយ៉ាងណាឱ្យជីវភាព រស់នៅមានលក្ខណៈសមរម្យ ក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ដើម្បីចូលរួមចំណែកកាត់បន្ថយ ភាពក្រីក្រនៅក្នុងសហគមន៍មូលដ្ឋានរបស់ខ្លួន។
តាមរបាយការណ៍របស់លោក រស់ ស៊ីផា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះវិហារ បានឱ្យដឹងថា ការចែកអំណាយនេះគឺដើម្បីរួមចំណែកក្នុងការ លើកកំពស់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះដោយធម្មជាតិ ដែលជាទិសដៅរបស់ក្រសួងបានដាក់ចេញជាយុទ្ធសាស្ត្រសម្រាប់អនុវត្ត ដោយផ្ដោត លើកម្មវិធី និងអនុកម្មវិធីចំនួន០៤។
ជាក់ស្ដែងនាពេលនេះ ប្រជាពលរដ្ឋចំនួន២០០គ្រួសារ មកពី០៨ឃុំ ក្នុង០១ឃុំ ២៥គ្រួសារក្នុងស្រុកឆែប និង៣០០គ្រួសារ មកពី០៦ឃុំ ក្នុង០១ឃុំ ៥០គ្រួសារក្នុងស្រុកជ័យសែន ដោយក្នុង០១គ្រួសារៗទទួលបាន៖ អង្ករ០១បេ,ទឹកស៊ីអ៊ីវ០១ យួរ , ស្ករសរ០១ថង់, ប្រេងឆា០១ដប, និងមុង០១៕









