ក្រុមមន្រ្តីអេក្វាឌ័រ និយាយថា ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគពាយ័ព្យប្រទេសអេក្វាឌ័រកាលពីចុងសប្តាហ៍កន្លងទៅ បណ្តាលឲ្យទន្លេចំនួន ៦ បានហូរប្រៀបច្រាំង និងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាង ១៥.០០០នាក់ នៅខេត្ត Esmeraldas ។

រូបភាពវីដេអូឃ្លីប ឃើញការបំផ្លិចបំផ្លាញនៅក្នុងស្រុកមួយកន្លែងស្ថិតនៅខេត្ត Esmeraldas ក្រោយទន្លេ Teaone ដែលនៅក្បែរនោះ ហូរប្រៀបច្រាំង ។ក្រុមអ្នកស្រុក បានដើរកាត់សំណាត់ និងទឹកភក់ ហើយផ្លូវបានបាក់ស្រុតដោយផ្នែក ។
ផ្ទះប្រជាពលរដ្ឋជិត ៤០០ខ្នង បានរងផលប៉ះពាល់នៅក្នុងតំបន់នោះ ហើយមជ្ឈមណ្ឌលអប់រំ ៧កន្លែង រងការខូចខាត ។
ក្រុមអាជ្ញាធរនិយាយថា មកទល់នឹងពេលនេះ ជម្រកបណ្តោះអាសន្ន ៧កន្លែងត្រូវបានបើកនៅក្នុងខេត្ត ហើយជំនួយមនុស្សធម៌សរុប ១២,៥តោន ត្រូវបានបញ្ជូនទៅកាន់តំបន់រងផលប៉ះពាល់ ។
យោងតាមការអះអាងរបស់វិទ្យាស្ថានឧតុនិយម និងជលសាស្ត្រជាតិ បានឲ្យដឹងថា ភ្លៀងនឹងបន្តធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយទៀត ៕

