រលកកម្តៅក្តៅខ្លាំងនៅក្នុងប្រទេសបង់ក្លាដែស បានបណ្តាលឲ្យបិទសាលារៀនក្នុងសប្តាហ៍នេះ និងធ្វើឲ្យដាច់ចរន្តអគ្គិសនីញឹកញាប់ ជាហេតុបណ្តាលឲ្យមានស្ថានភាពកាន់តែអាក្រក់ខ្លាំងសម្រាប់ប្រជាពលរដ្ឋ មិនអាចឲ្យពួកគេប្រើប្រាស់កង្ហារធ្វើឲ្យពួកគេត្រជាក់បាន ស្របពេលដែលក្រុមមន្រ្តីឧតុនិយម ព្រមានថា ការធូរស្រាលមិនទាន់ជិតមកដល់នោះទេ ។

សីតុណ្ហភាពអតិបរមា បានឡើងដល់ជិត ៤១អង្សាសេ ដែលកាលពីរយៈពេល ១០ថ្ងៃមុន សីតុណ្ហភាពមានត្រឹមតែ ៣២អង្សាសេប៉ុណ្ណោះ ។ ក្រសួងឧតុនិយមបង់ក្លាដែស បានព្រមានថា គេនៅមិនទាន់មើលឃើញការបញ្ចប់រលកកម្តៅនៅឡើយ ។
ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា បម្រែបម្រួលអាកាសធាតុ រួមចំណែកយ៉ាងសំខាន់ក្នុងការបង្កឲ្យមានរលកកម្តៅញឹកញាប់ធ្ងន់ធ្ងរ និងរយៈពេលយូរ អំឡុងខែរដូវក្តៅ ។

លោក Nasrul Hamid គឺជារដ្ឋមន្រ្តីក្រសួងអគ្គីសនី ថាមពល និងធនធានរ៉ែ និយាយថា ប្រទេសបង់ក្លាដែស អាចប្រឈមនឹងការកាត់ផ្តាច់ចរន្តអគ្គិសនីរយៈពេល ២សប្តាហ៍ទៀត ស្របពេលដែលកង្វះខាតប្រេង ធ្វើឲ្យបិទរោងចក្រផលិតអគ្គិសនីជាច្រើនកន្លែង ដែលរួមទាំងរោងចក្រដុតធ្យូងថ្មធំបំផុតរបស់ខ្លួនផងដែរ ។
លោក Hamid បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Facebook ថា ដោយសារតែវិបត្តិថាមពលសកលលោក ហើយនិងការហក់ឡើងខ្ពស់មិនធ្លាប់ដែលមាននៅក្នុងទីផ្សាររូបិយវត្ថុអន្តរជាតិ ពួកយើងរងផលប៉ះពាល់ដោយសារតែការបាត់បង់បន្ទុកពុំចង់បានមួយនេះ ៕
