សហរដ្ឋអាមេរិក និយាយកាលពីថ្ងៃអង្គារថា ខ្លួនពុំទាន់ប្រាកដនោះទេថាតើនរណាដែលត្រូវបន្ទោសសម្រាប់ការបាក់ទំនប់ទឹក Kakhovka នៅអ៊ុយក្រែន ប៉ុន្តែវាមិនសមទាល់តែសោះកាលដែលអ៊ុយក្រែនទៅធ្វើរឿងបែបនេះ ដាក់ប្រជាពលរដ្ឋខ្លួនឯង និងទឹកដីខ្លួនឯង ស្របពេលដែលទីក្រុងគីវ និងទីក្រុងម៉ូស្គូ បន្ទោសគ្នាទៅវិញទៅមកសម្រាប់គ្រោះមហន្តរាយមួយនេះ ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN)ដែលមានសមាជិក១៥ប្រទេស បានជួបជុំគ្នាកាលពីថ្ងៃអង្គារ តាមសំណើររបស់រុស្ស៊ី និងអ៊ុយក្រែន ក្រោយទឹកហូរខ្លាំងធ្វើឲ្យបាក់ទំនប់ទឹកដ៏ធំ ក្នុងទន្លេ Dnipro ដែលបែងចែកកងកម្លាំងប្រឆាំងនៅតំបន់ភាគខាងត្បូងអ៊ុយក្រែន ។
នៅពេលសួរថាតើសហរដ្ឋអាមេរិកមានដឹងថា នរណាគឺជាអ្នកទទួលខុសត្រូវទេ ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិក ប្រចាំនៅ UNលោក Robert Wood និយាយប្រាប់ក្រុមអ្នកសារព័ត៌មានមុនជំនួបក្រុមប្រឹក្សាថា ពួកយើងពុំច្បាស់ទាល់តែសោះ ពួកយើងគ្រាន់តែសង្ឃឹមថា នឹងទទួលបានព័ត៌មានបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។

លោក Wood និយាយថា ប៉ុន្តែហេតុអ្វីបានជាអ៊ុយក្រែន ត្រូវធ្វើរឿងបែបនេះដាក់ប្រជាពលរដ្ឋខ្លួនឯង និងទឹកដីខ្លួនឯង ធ្វើឲ្យជន់លិចទឹកដីរបស់ពួកគេ ក៏ដូចជាបង្ខំឲ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ វាដូចជាមិនសមទាល់តែសោះ ។
ខណៈពេលនោះដែរ អគ្គលេខាធិការ UNលោក Antonio Guterres បាននិយាយកាលពីព្រឹកថ្ងៃអង្គារថា គណៈគ្រប់គ្រងពិភពលោករបស់លោក ពុំបានទទួលព័ត៌មានឯករាជ្យលើមូលហេតុដែលនាំឲ្យបាក់ទំនប់នោះទេ ប៉ុន្តែពួកយើងចាត់ទុកវាថា ជាផលវិបាកដ៏អាក្រក់នៃការវាយលុករបស់រុស្ស៊ីទៅលើអ៊ុយក្រែន ៕
