តារាសម្ដែងភាពយន្តជនជាតិអាមេរិក លោក Cuba Gooding Jr. កាលពីថ្ងៃអង្គារ (ទី៦ ខែមិថុនា) បានឈានដល់ការដោះស្រាយបញ្ចប់បណ្ដឹងជាមួយនារីម្នាក់ដែលបានប្តឹងរូបលោកទារសំណងជំងឺចិត្ត ក្នុងតម្លៃ ៦លានដុល្លារ លើការចោទប្រកាន់ដែលថា លោកបានរំលោភរូបនាងកាលពី ១០ឆ្នាំកន្លងទៅ។
កិច្ចព្រមព្រៀងនេះ បានកើតឡើងប៉ុន្មាននាទីប៉ុណ្ណោះ នៅមុនការជ្រើសរើសគណៈវិនិច្ឆ័យ ដែលត្រូវបានកំណត់ឲ្យចាប់ផ្តើម នៅតុលាការសហព័ន្ធក្រុង Manhattan សហរដ្ឋអាមេរិក។ ការព្រមព្រៀងដែលមានរយៈពេល ១១ម៉ោង មានន័យថា ម្ចាស់ជយលាភីពានរង្វាន់អូស្ការរូបនេះ នឹងជៀសវាងការមានព័ត៌មានលម្អិតពីបទចោទប្រកាន់នៃការរំលោភ ដែលបានចាក់ផ្សាយ នៅក្នុងតុលាការ ខណៈពេលដែលដើមចោទ នឹងមិនត្រូវបានឲ្យបង្ហាញអត្តសញ្ញាណ ដោយមិនមានការព្រមព្រៀងនោះទេ។
ស្ត្រីរូបនេះបានដាក់ពាក្យបណ្តឹង ក្នុងឆ្នាំ២០២០។ នាងបានចោទប្រកាន់ថា លោក Gooding បានល្បួងនាងឲ្យទៅបន្ទប់សណ្ឋាគាររបស់លោក ហើយចាប់រំលោភនាងបន្ទាប់ពីពួកគេបានជួបគ្នា នៅភោជនីយដ្ឋានមួយ ក្នុងទីក្រុង Manhattan តែចុងចោទលោក Gooding បានបដិសេធការចោទប្រកាន់នេះ ហើយបាននិយាយថា ការរួមភេទ កើតឡើងដោយមានការព្រមព្រមព្រៀងគ្នា។
ពាក់ព័ន្ធនឹងករណីនេះ ទាំងមេធាវីដើមចោទ និងចុងចោទ មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕