
ក្រុមមន្រ្តីក្នុងស្រុក បាននិយាយកាលពីថ្ងៃអង្គារថា មនុស្ស ៣២នាក់ បានស្លាប់នៅតំបន់ភាគខាងលិចរុស្ស៊ី ក្រោយផឹកស្រាផ្លែប៉ោបក្លែងក្លាយ និងមនុស្សរាប់សិបនាក់ផ្សេងទៀត ធ្លាក់ខ្លួនឈឺ។
ក្រសួងសុខាភិបាលក្នុងតំបន់ Ulyanovsk ជាទីដែលរាយការណ៍ករណីពុលស្រាផ្លែប៉ោមលើកដំបូងនោះ បាននិយាយថា មនុស្ស ២០នាក់ បានស្លាប់ ក្រោយផឹកស្រាផ្លែប៉ោមម៉ាក Mister Cider។
ក្រុមអាជ្ញាធរនៅក្នុងតំបន់ Samara, តំបន់ Nizhny Novgorod និង Udmurtia និយាយថា មនុស្សសរុប ១២នាក់ បានស្លាប់ផងដែរនៅក្នុងតំបន់របស់ពួកគេ។ ដោយឡែក មនុស្សរាប់សិបនាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា បានធ្លាក់ខ្លួនឈឺ នៅតាមតំបន់ជាច្រើន ក្រោយទទួលទានស្រាផ្លែប៉ោងក្លែងក្លាយនេះ ។
ក្រុមអាជ្ញាធរ បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីសង្ស័យថាបានធ្វេសប្រហែសជាហេតុបណ្តាលឲ្យមនុស្សស្លាប់យ៉ាងច្រើនបែបនេះ ហើយនិងបានបញ្ជាឲ្យបញ្ឈប់ការលក់ទំនិញប៉ះពាល់ទាំងនេះ ។
សារព័ត៌មានរុស្ស៊ី បានរាយការណ៍ថា ស្រាផ្លែប៉ោមមានបរិមាណមេតាណុលអាចបណ្តាលឲ្យស្លាប់បាន មានសារធាតុពុលច្រើនជាងអេតាណុល ដែលរកឃើញនៅក្នុងភេសជ្ជៈមានជាតិអាល់កុលធម្មតា។
សូមបញ្ជាក់ថា រុស្ស៊ី បានរឹតបន្តឹងការគ្រប់គ្រងការផលិត និងលក់ជាតិអាកុល ក្រោយមនុស្ស ៧៧នាក់ ស្លាប់ដោយសារផឹកស្រាបិទលួចលាក់ថោកៗនៅតំបន់ Siberiaកាលពីឆ្នាំ២០១៦ ៕.