ពិភពលោក៖ ប្រតិកម្មត្រូវបានបង្ហាញពីជុំវិញពិភពលោក បន្ទាប់ពីភាពរំជើបរំជួលរយៈពេលប៉ុន្មានថ្ងៃនៅក្នុងទីក្រុង Jerusalem ជាទីដែលមនុស្សរាប់រយនាក់បានរងរបួស ហើយមនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ក្រោយកងកម្លាំងអ៊ីស្រាអែលបានឆ្មក់ចូលបរិវេណវិហារអ៊ីស្លាម Al-Aqsa។

នាយករដ្ឋមន្ត្រីទួរគី លោក Recep Tayyip Erdogan បានសន្យាជំរុញពិភពលោក ឲ្យជួយបញ្ឈប់សកម្មភាពភេរវកម្មរបស់អ៊ីស្រាអែល ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយក្រុមមេដឹកនាំប៉ាឡេស្ទីន។ កាលពីថ្ងៃច័ន្ទ ប្រទេសអ៊ីរ៉ង់បានអំពាវនាវដល់ពិភពម៉ូស្លីម ឲ្យឆ្លើយតបចំពោះអំពើយង់ឃ្នង និងឃោរឃៅរបស់អ៊ីស្រាអែលប្រឆាំងនឹងពលរដ្ឋប៉ាឡេស្ទីន ក្រោយការប៉ះទង្គិចគ្នាដែលចេះតែកើនឡើងរវាងនគរបាលអ៊ីស្រាអែល និងក្រុមអ្នកតវ៉ាប៉ាឡេស្ទីន។ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលខ្លួនបានថ្កោលទោសយ៉ាងដាច់អហង្ការ នូវការចូលលុកលុយថ្មីៗរបស់កងកម្លាំងអ៊ីស្រាអែល ចូលទៅក្នុងព្រះវិហារអ៊ីស្លាម Al-Aqsa។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយថា គ្រាប់រ៉ូកែតវាយប្រហារដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សាចូលទៅក្នុងប្រទេសអ៊ីស្រាអែលថា ជាការកើនឡើងនៃភាពតានតឹងដែលមិនអាចទទួលយកបាន ដោយបន្ថែមថា សហរដ្ឋអាមេរិកបានចូលរួមយ៉ាងពេញទំហឹង ជំរុញឲ្យមានភាពស្ងប់ស្ងាត់នៅក្នុងទីក្រុង Jerusalem។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពនៅក្នុងទីក្រុងគ្រប់គ្រងដោយអ៊ីស្រាអែល Jerusalem ខាងកើត។ ប្រទេសអាល្លឺម៉ង់, ចក្រភពអង់គ្លេស, បារាំង, រុស្ស៊ី, និងសហភាពអឺរ៉ុបក៏បានបង្ហាញពីក្ដីបារម្ភចំពោះអំពើហិង្សានេះដែរ៕
អត្ថបទ៖ សុខមាន