
ឪពុកម្តាយសិស្សនៅប្រទេសនីហ្ស៊េរីយ៉ាមិនបានបង់ថ្លៃសិក្សារបស់កូនៗទេ រហូតទាល់តែពួកគេបានចុះឈ្មោះចូលរៀននៅសាលាផ្សេងដែលផ្តល់ដំណោះស្រាយដែលនឹកស្មានមិនដល់មួយ គឺទទួលយកសំណល់ផ្លាស្ទិចជំនួសឲ្យថ្លៃសិក្សា។ សំណល់ផ្លាស្ទិចដែលពួកគេប្រមូលបានត្រូវយកទៅថ្លឹងនៅបរិវេណសាលារៀន ហើយប្រាក់ដែលបានពីការលក់សំណល់ផ្លាស្ទិចនោះត្រូវបានបន្ថែមទៅក្នុងគណនីសាលារៀនរបស់សិស្សានុសិស្ស។
កាលឆ្នាំ ២០១៩ គ្រូបង្រៀននៅសាលាបឋមសិក្សារបស់សិស្សថ្នាក់ទី ៤ ជនជាតិនីហ្ស៊េរីយ៉ាម្នាក់ឈ្មោះ Adeosun Fawas ដែលស្ថិតក្នុងតំបន់ជួបការលំបាកនៃទីក្រុង Ajegunle បានបញ្ជូនគេទៅផ្ទះរាប់មិនអស់ ដោយសារមិនបង់ថ្លៃសិក្សា។ ថ្ងៃមួយ នៅពេលដែលគេដើរតាមផ្លូវត្រឡប់ទៅផ្ទះវិញ នាយកសាលាបានទៅជួប និងផ្ដល់ដំណោះស្រាយមួយសម្រាប់ម្តាយរបស់គេឈ្មោះអ្នកស្រី Fatimoh Adeosun ដើម្បីដោះស្រាយបញ្ហាបង់ថ្លៃសាលា។
ថ្លៃសិក្សានៅសាលា My Dream Stead ដែលបច្ចុប្បន្ននេះកុមារា Fawas បានចុះឈ្មោះចូលរៀនមានតម្លៃ ១៣០ដុល្លារក្នុងមួយឆ្នាំ ហើយមានតែកុមារចំនួន ៧ នាក់ប៉ុណ្ណោះដែលបានចុះឈ្មោះចូលរៀននៅពេលសាលាបើកដំបូងកាលឆ្នាំ២០១៩។
សាលានេះចាប់ដៃគូជាមួយអង្គការផ្ដួចផ្ដើមរក្សាបរិស្ថានជាអង្គការក្នុងតំបន់ដែលប្រមូលសំបកដប កំប៉ុង សំបកឡាំងភេសជ្ជៈ និងធុងផ្លាស្ទិច ដែលឪពុកម្តាយសិស្សយកទៅសាលារៀន ហើយលក់វាទៅឱ្យក្រុមអ្នកកែច្នៃ។
ប្រាក់ចំណូលពីការលក់សំណល់ផ្លាស្ទិច ត្រូវចំណាយលើប្រាក់ខែគ្រូបង្រៀន ឯកសណ្ឋានសិស្ស សៀវភៅ និងប៊ិច រួមទាំងការចំណាយផ្សេងៗទៀត។ លោក Alexander Akhigbe ស្ថាបនិកក្រុមបរិស្ថានបាននិយាយថា គ្រោងការណ៍នេះមានគោលបំណងកាត់បន្ថយចំនួនកុមារដែលបោះបង់ចោលការសិក្សា ក៏ដូចជាបរិមាណសំរាមនៅតាមដងផ្លូវនានានៃទីក្រុង៕