កូនខ្លាងាយរងគ្រោះមួយគូ បានរៀនហែលទឹកជាលើកដំបូង នៅក្នុងសួនសត្វទីក្រុងឡុងដ្រ៍ ក្នុងស្រះ ដែលទើបនឹងមានទឹកពេញថ្មីៗ។
កូនខ្លាឈ្មោះ Zac និង Crispin លោតសង្គ្រប់លើបាល់ប្លាស្ទិក ដែលអណ្តែតលើទឹក ខណៈដែលមេបារបស់វា គឺ Gaysha និង Asim បានសម្លឹងមើល។
អ្នកមើលថែសត្វខ្លា នៅសួនសត្វទីក្រុងឡុងដ្រ៍ លោក John Ho បាននិយាយថា៖ «ស្រះនេះពេញទៅដោយស្លឹកឈើ និងកម្ទេចឈើផ្សេងៗ ក្នុងរដូវរងាដ៏ត្រជាក់ ប៉ុន្តែឥឡូវនេះរដូវក្តៅ បានមកដល់ហើយ យើងបានប្រែក្លាយស្រះនេះឲ្យទៅជាស្រះហែលទឹក ដើម្បីឲ្យកូនសត្វរៀនហែលទឹក»។
យោងតាមសួនសត្វទីក្រុងឡុងដ្រ៍ សត្វខ្លាស៊ូម៉ាត្រា គឺជាប្រភេទសត្វខ្លាដ៏កម្របំផុតរបស់ពិភពលោក ដោយនៅសល់តែ ៣០០ក្បាលប៉ុណ្ណោះ នៅក្នុងព្រៃ៕
