អ៊ុយក្រែន ៖ ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា មនុស្សចំនួន ៤២.០០០ នាក់កំពុងប្រឈមមុខនឹងគ្រោះទឹកជំនន់ បន្ទាប់ពីទំនប់ដ៏ធំមួយនៅតំបន់ Kherson ភាគខាងត្បូងអ៊ុយក្រែនត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរកាលពីព្រឹកថ្ងៃអង្គារ។
មនុស្សមួយចំនួនដែលកំពុងទន្ទឹងរង់ចាំការជួយសង្គ្រោះនៅតំបន់ដែលរងផលប៉ះពាល់ បានបង្ខំចិត្តដេកនៅលើដំបូលផ្ទះរបស់ពួកគេ ឬនៅលើដើមឈើដោយសារតែទឹកបានជន់លិចខ្លាំង។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានព្រមានថាមនុស្សរាប់សែននាក់ត្រូវបានទុកចោលដោយគ្មានសូម្បីតែទឹកផឹក។
អ៊ុយក្រែន និងរុស្ស៊ីបានដាក់ការស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការបាក់ទំនប់នេះ ដោយប្រធានាធិបតី Zelensky បានចោទប្រកាន់រុស្ស៊ីថាបានបំផ្ទុះ "គ្រាប់បែកមហាប្រល័យលើបរិស្ថាន" ។
រុស្ស៊ីអះអាងថា អ៊ុយក្រែនបានធ្វើការវាយប្រហារលើទំនប់វារីអគ្គិសនីនោះដើម្បីបង្អាក់នូវអ្វីដែលខ្លួននិយាយថាការបរាជ័យក្នុងការវាយបករបស់រដ្ឋធានីគីវ៕

