បាល់ទាត់៖ អ្នកគាំទ្រដល់ ១ម៉ឺននាក់នឹងត្រូវបើកឲ្យចូលទស្សនាផ្ទាល់ ក្នុងកីឡដ្ឋាននៅអង់គ្លេសចាប់ពីថ្ងៃទី១៧ ខែឧសភាតទៅ នេះបើតាមការបញ្ជាក់ពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson។
ការប្រកាសបែបនេះក៏បានន័យថា ការប្រកួត ២ជុំចុងក្រោយនៃក្របខណ្ឌ English Premier League អ្នកគាំទ្រអាចចូលទស្សនាបាន តែអ្នកគាំទ្រក្រុមម្ចាស់ផ្ទះប៉ុណ្ណោះ។ ការប្រកួត ២ជុំចុងក្រោយរបស់ Premier League គឺនៅសប្តាហ៍ថ្ងៃទី១៨-១៩ និងថ្ងៃទី២៣ សប្តាហ៍ចុងក្រោយ។ បន្ទាប់ពីការផ្ទុះឡើងនៃ COVID-19 នៅចក្រភពអង់គ្លេសនៅដើមឆ្នាំ២០២០ រាល់បាល់ទាត់នៅក្នុងប្រទេសត្រូវបានពន្យារពេលក្នុងខែមីនា ហើយមិនបានបន្តរហូតដល់ខែមិថុនា។ ចុងបញ្ចប់នៃរដូវកាល ២០១៩/២០២០ បាត់ទាត់ក៏ចាប់ដំណើរការឡើងវិញ ដោយមិនអនុញ្ញាតអោយអ្នកគាំទ្រចូលទស្សនាឡើយ។
ក្រោយមកយុទ្ធនាការប្រកួតរដូវកាល ២០២០/២១ បានចាប់ផ្តើមនៅក្នុងខែកញ្ញា ដោយរាល់ការប្រកួតទាំងអស់នៅតែត្រូវបានលេងនៅក្នុងពហុកីឡដ្ឋានទទេ។ អ្នកគាំទ្រក្រោយមកក៏ត្រូវបានអនុញ្ញាតសារជាថ្មីអោយចូលទស្សនាវិញ ក្នុងចំនួនកំណត់អាស្រ័យលើតំបន់ដែលមានកំរិតហានីភ័យឆ្លងពីទាបទៅខ្ពស់។ Manchester City ដែលជាក្រុមកំពូលតារាងនឹងអាចលើកពាន Premier League នៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួននៅសប្តាហ៍ចុងក្រោយ នៅពេលទទួលភ្ញៀវ Everton៕
អត្ថបទ៖នាង សុភាវុធ