អាមេរិក ៖ ទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក បានឈរនៅលើកំពូលតារាងនៃការបង្កកង្វក់បរិយាកាសអាក្រក់បំផុតរបស់ពិភពលោក សម្រាប់ផ្នែកខ្លះ កាលពីថ្ងៃអង្គារ ខណៈដែលផ្សែងដ៏គ្រោះថ្នាក់ បានបក់មកភាគខាងត្បូងពីភ្លើងឆេះព្រៃជាងមួយរយកន្លែងដែលកំពុងឆេះរាលដាលនៅក្នុងទីក្រុងកេបិច (Quebec) ប្រទេសកាណាដា។
ផ្សែង ដែលបក់មកពីចំហេះព្រៃរបស់ប្រទេសកាណាដា បានគ្របដណ្ដប់តំបន់ភាគឦសាន និងកណ្តាលអាត្លង់ទិក ក្នុងរយៈពេលជាងមួយសប្តាហ៍នេះ ដោយបង្កើនការបារម្ភកាន់តែខ្លាំងអំពីគ្រោះថ្នាក់នៃគុណភាពខ្យល់ ដែលកំពុងអន់ថយ។
យោងតាមក្រុមហ៊ុនបច្ចេកវិទ្យាវាយតម្លៃគុណភាពខ្យល់ IQair របស់ប្រទេសស្វីស បានឲ្យដឹងថា សន្ទស្សន៍គុណភាពខ្យល់របស់ទីក្រុងញូវយ៉ក គឺលើសពី២០០ នៅចំណុចមួយ កាលពីយប់ថ្ងៃអង្គារ ដែលជាកម្រិតមិនល្អទាល់តែសោះសម្រាប់សុខភាព ហើយ IQair បានឲ្យដឹងទៀតថា ទីក្រុងនេះមានគុណភាពខ្យល់អាក្រក់បំផុតនៃតំបន់ទីប្រជុំជនសំខាន់ៗ កាលពីថ្ងៃអង្គារ នៅវេលាម៉ោង ១០យប់ (ម៉ោងសកល)។
IQair បានរាយការណ៍ថា នៅយប់ថ្ងៃអង្គារ ទីក្រុងញូវយ៉ក មានកម្រិតបំពុលខ្យល់ខ្លាំងបំផុតទីពីរ នៅលើពិភពលោក បន្ទាប់ពីទីក្រុងញូវដេលីរបស់ប្រទេសឥណ្ឌា។ ទីក្រុងផ្សេងទៀតក្នុងបញ្ជី គឺក្រុងដូហារបស់ប្រទេសកាតា ក្រុងបាដាដរបស់ប្រទេសអ៊ីរ៉ាក់ និងទីក្រុងឡាហ័រ (Lahore) របស់ប្រទេសប៉ាគីស្ថាន៕

