រុស្ស៊ី ៖ ស្ថានទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយ នៅថ្ងៃពុធ (ទី៧ ខែមិថុនា)នេះ ថា របាយការណ៍ដែលសហរដ្ឋអាមេរិក បានដឹងពីផែនការរបស់អ៊ុយក្រែន ក្នុងការវាយប្រហារបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream គឺជាផ្នែកមួយនៃការប៉ុនប៉ុង ដែលជួយសម្រួលដោយលោកខាងលិច ដើម្បីបំភ័ន្តពិភពលោក ឲ្យយល់ខុសការពិត។
សារព័ត៌មាន Washington Post បានចុះផ្សាយ កាលពីថ្ងៃអង្គារ (ទី៦ ខែមិថុនា) ដោយដកស្រង់ព័ត៌មានបែកធ្លាយ ដែលបង្ហោះតាមអ៊ីនធឺណិតថា ភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក (CIA) បានដឹងកាលពីខែមិថុនាឆ្នាំមុន តាមរយៈទីភ្នាក់ងារចារកម្មអឺរ៉ុបថា ក្រុមប្រតិបត្តិការពិសេសរបស់អ៊ុយក្រែន៦នាក់ មានគោលបំណងបំផ្ទុះគម្រោងរុស្ស៊ី ទៅកាន់អាល្លឺម៉ង់។
អ្នកការទូតរុស្ស៊ីលោក Andrey Ledenev ត្រូវបានដកស្រង់សម្តី ដែលបាននិយាយក្នុងសារនៅលើបណ្តាញសង្គមផ្ញើសារ Telegram របស់ស្ថានទូតថា៖ «យុទ្ធនាការសម្របសម្រួលរបស់លោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យសហគមន៍អន្តរជាតិមានការភ័ន្តច្រឡំ ត្រូវបានដេរភ្ជិតដោយខ្សែអំបោះពណ៌ស»។
លោក Ledenev បានបន្ថែមថា៖ «ហេតុផលសម្រាប់ការរីកសាយនៃទ្រឹស្តី និងកំណែថ្មី ដែលគាំទ្រដោយទិន្នន័យសម្ងាត់ដ៏ល្បីល្បាញនៃសហគមន៍ស៊ើបការណ៍សម្ងាត់ក្នុងតំបន់ គឺសាមញ្ញណាស់ រហូតមើលឃើញចំណុចនៃការលើកឡើងដដែលនេះ»។
ការបំផ្ទុះនៅក្រោមទឹកជាច្រើនគ្រាប់ បានធ្វើឲ្យធ្លាយបំពង់បង្ហូរ Nord Stream 1 និងបំពង់បង្ហូរទើបសាងសង់ថ្មី Nord Stream 2 ដែលភ្ជាប់រុស្ស៊ី និងអាល្លឺម៉ង់ឆ្លងកាត់សមុទ្របាល់ទិក ក្នុងខែកញ្ញា ឆ្នាំ២០២២។ ការផ្ទុះនោះ បានកើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចនៃប្រទេសស៊ុយអែត និងដាណឺម៉ាក៕

