ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការរីករាយចំពោះក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនដែលមានវត្តមាននៅកម្ពុជាក្នុងរយៈពេល២០ឆ្នាំហើយៗបានចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់យ៉ាងច្រើន ជាពិសេសផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដោយជោគជ័យហើយក៏បានលើកទឹកចិត្តឱ្យកសាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតក៏ដូចជាសិក្សានូវគម្រោងផ្លូវល្បឿនលឿនភ្នំពេញ -សៀមរាប និងសៀមរាប -ប៉ោយប៉ែតឱ្យបានលឿនដើម្បីបម្រើឲ្យសេដ្ឋកិច្ចសង្គមកម្ពុជា។
សម្តេចតេជោ ហ៊ុនសែន បានលើកឡើងបែបនេះខណៈសម្តេចបានអនុញ្ញាតឱ្យលោក ទូ ហ្វី(DU Fei) ប្រធាន ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនចូលជួបសំដែងការគួរសមនៅវិមានសន្តិភាពនារសៀលថ្ងៃទី៧មិថុនានេះ។
ក្នុងជំនួបនេះលោក ទូ ហ្វី បានគោរពថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោដែលបានដល់កិត្តិយសជាគណៈអធិបតីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត និងអនុញ្ញាតឱ្យក្រុមហ៊ុនចុះហត្ថលេខាក្របខណ្ឌ ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនិងសៀមរាប-ប៉ោយប៉ែត។
ឆ្លៀតក្នុងឱកាសនោះលោក ទូ ហ្វី បានប្តេជ្ញាចិត្តថាក្រុមហ៊ុននឹងជំរុញការសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតឲ្យបានលឿនដែលអាចធ្វើទៅបាននិងបញ្ជូនក្រុមអ្នកបច្ចេកទេសមកធ្វើការសិក្សា ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាបនិងសៀមរាប-ប៉ោយប៉ែត ក្នុងរយៈពេលដ៏ខ្លីប្រមុខនេះ។
ជាការឆ្លើយតប សម្ដេចតេជោបានសំដែងនូវការរីករាយ ជាមួយនឹងវត្តមានរបស់ក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិននៅព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេលជាង២០ឆ្នាំមកហើយៗ ចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ បានយ៉ាងច្រើន ជាពិសេសថ្មីៗនេះ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានយ៉ាងជោគជ័យ។ សម្ដេចតេជោបានលើកទឹកចិត្តឱ្យក្រុមហ៊ុនជំរុញការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងធ្វើការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និង សៀមរាប-ប៉ោយប៉ែត ឱ្យបានលឿនដើម្បីបម្រើឲ្យសេដ្ឋកិច្ចសង្គមកម្ពុជា៕




