អង់គ្លេស៖ ចក្រភពអង់គ្លេសចង់ដាក់ទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក នៅលើគន្លងតែមួយ ខណៈប្រតិបត្តិការផ្នែកការពារជាតិ និងសន្តិសុខរបស់ប្រទេសទាំង២ នឹងជួយប្រទេសទាំង២ប្រឆាំងនឹងការគំរាមកំហែងជាសកល ដែលលោកនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak នឹងប្រាប់លោកប្រធានាធិបតីអាមេរិក Joe Biden នៅសប្ដាហ៍នេះ ។
ក្រោយការចាកចេញពីសហភាពអឺរ៉ុប ចក្រភពអង់គ្លេសកំពុងស្វែងរកការតភ្ជាប់ខ្លួនឯងបន្ថែមទៀត ជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីជួយទប់ទល់នឹងការបង្កហេតុដល់ពិភពលោកបន្ថែមទៀត ដោយសារការកើនឡើងឥទ្ធិពលរបស់ចិន សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន និងការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត។

សារព័ត៌មាន Reuters បានរាយការណ៍ថា លោក Sunak នឹងជួបលោក Biden ក្រុមមេដឹកនាំធុរកិច្ចនិងសមាជិកសភាអាមេរិកនៅសប្ដាហ៍នេះ បន្ទាប់ពីបានជួបជាមួយប្រធានសភាអាមេរិកលោក McCarthyដោយលើកឡើងថាទំនាក់ទំនងដែលមានស្រាប់រវាងប្រទេសទាំង២ មានន័យថា ប្រទេសទាំង២ បានអនុវត្តន៍កាន់តែប្រសើរលើវិធានការទប់ទល់ការប្រឈមថ្មីៗជាមួយគ្នា ។ លោក បានទៅដល់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ។
លោក Sunak បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ដូចគ្នានឹងការធ្វើអន្តរប្រតិបត្តិការរវាងយោធារបស់យើងបានផ្តល់ឲ្យយើងនូវផលប្រយោជន៍ពីសមរភូមិលើសត្រូវរបស់យើង អន្តរប្រតិបត្តិការសេដ្ឋកិច្ចកាន់តែល្អប្រសើរ នឹងផ្តល់ឲ្យយើងនូវលទ្ធផលដ៏សំខាន់មួយនៅក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខ៕
