ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បាននិយាយកាលពីថ្ងៃពុធថា មន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត អាចនឹងធ្វើតាមរដ្ឋមន្ត្រីការបរទេស ក្នុងការលាលែងពីតំណែង ដើម្បីទៅឈរឈ្មោះប្រជែងតំណែងប្រធានាធិបតី ខណៈការប្រកួតប្រជែងស្នងតំណែងលោក ចាប់ផ្ដើមធ្វើឲ្យទំហំរដ្ឋាភិបាលកាន់តែតូច។

រដ្ឋមន្ត្រីការបរទេស លោក Marcelo Ebrard ដែលជាបុគ្គលម្នាក់ ក្នុងចំណោមបុគ្គលដែលមានសិទ្ធិខ្ពស់ជាងគេ ក្នុងការបានធ្វើជាមេដឹកនាំបន្ទាប់របស់ប្រទេសម៉ិកស៊ិក បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា លោកនឹងលាលែងពីតំណែងនៅសប្តាហ៍ក្រោយ ដើម្បីយកពេលវេលាទៅផ្តោតលើយុទ្ធនាការរបស់លោក ដើម្បីក្លាយជាបេក្ខជន សម្រាប់គណបក្សចលនាសង្គ្រោះជាតិឆ្វេងនិយម (MORENA) ដែលកំពុងកាន់អំណាច។
សេចក្ដីប្រកាសរបស់លោក Ebrard បានធ្វើឡើងបន្ទាប់ពីមានការជជែកតវ៉ាជាច្រើនខែដែលថា បុគ្គលដែលមានបំណងចង់ឈរឈ្មោះជាប្រធានាធិបតីរបស់គណបក្ស MORENA គួរតែលាលែងពីតួនាទី ដើម្បីធានាឲ្យមាននូវសមរភូមិប្រកួតប្រជែងស្មើភាពគ្នា សម្រាប់ការប្រជែងស្នងតំណែងលោក Lopez Obrador ដែលនឹងបញ្ចប់អាណត្តិ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។

វាហាក់បីដូចជាលោក Ebrard កំពុងទទួលបានជ័យជម្នះពីការជជែកដេញដោលនោះ ហើយជំនួយការជាច្រើនរូបរបស់ប្រធានាធិបតី មើលទៅទំនងជាត្រៀមដើរតាមលោករដ្ឋមន្ត្រីការបរទេសរូបនេះ ក្នុងឆាប់ៗ ដោយប្រភពពីរដ្ឋាភិបាលចចំនួនពីរ បានប្រាប់សារព័ត៌មាន Reuters ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Adan Augusto Lopez ក៏គ្រោងនឹងលាលែងពីតំណែងនៅសប្តាហ៍ក្រោយដែរ ដើម្បីផ្តោតលើការប្រឹងប្រែងដណ្ដើមតំណែងប្រធានាធិបតី។
គណបក្សនេះគ្រោងនឹងបើកកិច្ចប្រជុំគណៈកម្មាធិការមួយ នៅថ្ងៃអាទិត្យ ដើម្បីកំណត់ច្បាប់ការប្រកួតប្រជែងផ្ទៃក្នុង។ ប្រធានគណបក្ស MORENA លោក Mario Delgado បាននិយាយបន្ទាប់ពីការប្រកាសរបស់លោក Ebrard ថា ចុងក្រោយ បេក្ខជនប្រជែងតំណែងប្រធានាធិបតី នឹងត្រូវចុះចេញពីតួនាទី ដើម្បីធានាថា ការប្រកួតប្រជែងមានភាពយុត្តិធម៌៕