
កំពង់ឆ្នាំង៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បន្តមានប្រសាសន៍សង្គត់ធ្ងន់ថា នឹងមិនអត់ឱនឱ្យដាច់ខាតចំពោះក្រុមជនអាក្រក់ដែលមានបំណងបំផ្លាញ សន្ដិភាពរបស់កម្ពុជា ខណៈប្រទេសកម្ពុជាទម្រាំទទួលបានសុខសន្ដិភាពពេញលេញដូចសព្វ សម្ដេចតេជោ បានយកសាច់ស្រស់ ឈាមស្រស់ទៅប្ដូរពីរបបប្រល័យពូជសាសន៍ និងខិតខំកសាងប្រទេសពីសូន្យមកវិញ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីសរុបជិត ២ ម៉ឺននាក់នៅរោងចក្រសហគ្រាសចំនួន ៥ ស្ថិត ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់កម្មករកម្មការិនីរួមគ្នារក្សាសន្ដិភាពរបស់កម្ពុជាឱ្យបាន ពីព្រោះមានបើរក្សាសន្ដិភាពប្រទេសកម្ពុជាគឺនឹងមានការអភិវឌ្ឍបន្តទៀតលើគ្រប់វិស័យ ខណៈដែលប្រទេសកម្ពុជាបច្ចុប្បន្នកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះរួមានទាំងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធថ្មីៗ ទំនើប និងកំណើនសេដ្ឋកិច្ចជាតិជារៀងរាល់ឆ្នាំផងដែរ។
សូមជាម្រាបថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្ដជាតិច្បាស់លាស់ ដូចជានយោបាយ ឈ្នះ ឈ្នះ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨ រហូតដល់សព្វថ្ងៃ និងបានអនុវត្តយុទ្ធសាស្រ្ដចតុកោណដោយជោគជ័យបានបង្កើតការងារ និងសេដ្ឋកិច្ចជាតិ នាំកម្ពុជាផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុតដូចសព្វថ្ងៃនេះ៕ អត្ថបទ វ៉ន ដារ៉ា