
កំពង់ឆ្នាំង៖ គិតចាប់តាំងពីថ្ងៃ១ ខែមករា ១៩៨៨ រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ជាង ១៤៩ ពាន់លានរៀល ដល់កម្មការិនីមានផ្ទៃពោះជាង ៣ សែននាក់ ដោយសម្រាលកូនជាង ៣ សែននាក់ ខណៈនៅថ្ងៃទី៧ ខែមិថុនានេះ មានកម្មការិនីចំនួន ២០២ នាក់ បានសម្រាលកូន ក្នុងនោះទទួលបានកូនចំនួន ២០៥ នាក់ ដោយក្នុងនោះក៏មានកូនភ្លោះផងដែរ។
នេះបើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីសរុបជិត ២ ម៉ឺននាក់នៅរោងចក្រសហគ្រាសចំនួន ៥ ស្ថិត ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីជាការយកចិត្តទុកដាក់ដល់មាតា និងទារកចាប់ពីខែ សីហា ឆ្នាំ២០២៣នេះតទៅរាជរដ្ឋាភិបាលនឹងបង្កើនការឧបត្ថម្ភសាច់ប្រាក់ដល់កម្មការិនីមានផ្ទៃពោះបន្ថែមទៀត ក្នុងនោះរួមមាន មុនឆ្លងពេលសម្រាលត្រូវឧបត្ថម្ភ ៤ ដង ដោយពេលទៅពិនិត្យផ្ទៃពោះដោយទទួលបានប្រាក់ឧបត្ថម្ភក្នុង ១ លើក៨ ម៉ឺនរៀល។ បន្តទទួលប្រាក់ឧបត្ថម្ភបពេលឆ្លងទន្លេ ៤០ ម៉ឺនរៀល និងទទួលបានការឧបត្ថម្ភ ១០ លើកទៀតរហូតកូនមានអាយុ ២ ឆ្នាំ ដោយឧបត្ថម្ភ ១ លើក ៨ ម៉ឺនរៀល។
សូមជម្រាបថា ដើម្បីជាយន្តការត្រឹមត្រូវក្នុងការដំឡើងប្រាក់ខែដល់កម្មករកម្មករិនីបានត្រឹមត្រូវ និងច្បាស់លាស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការដឹកនាំរបស់សម្ដេចតេជោ បានបង្កើតយន្តការត្រីភាគីមួយដោយមានការចូលរួមពីរាជរដ្ឋាភិបាល ម្ចាស់រោងចក្រ និងសហជីព ដើម្បីគិតគូរអំពីការដំឡើងប្រាក់ខែក្នុងរយៈពេល ១ ឆ្នាំម្ដងដល់កម្មករកម្មការិនីផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា