អ៊ីរ៉ង់៖ អ៊ីរ៉ង់ បានបើកស្ថានទូតឡើងវិញនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអង្គារ រយៈពេលជាច្រើនខែក្រោយទីក្រុង តេអេរ៉ង់ និងទីក្រុងរីយ៉ាដ យល់ព្រមបញ្ចប់ជម្លោះក្រោមកិច្ចព្រមព្រៀងផ្តួចផ្តើមឡើងដោយប្រទេសចិន ។
អនុរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់លោក Alireza Bigdeli បានថ្លែងសុន្ទរកថានៅក្នុងពិធីបើកស្ថានទូតនៅក្នុងរដ្ឋធានីអារ៉ាប៊ីសាអូឌីត ដោយលើកឡើងពីសារៈសំខាន់នៃឱកាសសម្រាប់ទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ។
លោក Bigdeli ថ្លែងថា ជាមួយនឹងការលើកទង់ជាតិអ៊ីរ៉ង់ឡើងវិញនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយជំនួសមកវិញនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ចូលដល់យុគសម័យថ្មី ។
លោកបន្តថា វិស័យការទូត គឺជាមធ្យោបាយល្អបំផុតសម្រាប់ការទំនាក់ទំនង និងការសន្ទនារវាងប្រទេសទាំង ២ ដើម្បីឈានដល់ការយល់ពីគ្នាទៅវិញទៅមក ស្ថិរភាព និងសន្តិភាព ។
មន្រ្តីអ៊ីរ៉ង់រូបនេះ បានធ្វើការសង្កត់ធ្ងន់ថា អ៊ីរ៉ង់តែងតែចង់ពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង ដោយផ្អែកលើគោលការណ៍ភាពជិតខាងល្អ ។
លោក Bigdeli បានកត់សំគាល់ផងដែរថា ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគទៅវិញទៅមក នឹងនាំឲ្យប្រទេសកាន់តែខិតជិតគ្នា ដើម្បីសម្រេចបានសន្តិភាព និងស្ថិរភាពក្នុងតំបន់ ៕



